(បរទេស)៖ ចាប់តាំងពីវីរុស COVID-19 បានក្លាយជាបញ្ហាសម្រាប់សកលលោកទាំងមូល នាវាទេសចរណ៍ធំៗនានា ក៏បានក្លាយជាគោលដៅរងគ្រោះធ្ងន់ធ្ងរ បន្ទាប់ពីផ្នែកអាកាសចរណ៍ផងដែរ។ បទពិសោធន៍នៃអ្នកដំណើរ និងបុគ្គលិកទាំងអស់ ដែលកំពុងជាប់ខ្លួននៅក្នុងនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ពិតជាមិនអាចឲ្យយើងនឹកស្មានដល់នោះឡើយ។ នាវានេះត្រូវបានបដិសេធមិនឲ្យចូលចត នៅក្នុងប្រទេសដែនដី និងកំពង់ផែពីមួយទៅមួយ។
ចូលមកដល់ Westerdam វិញ ដែលជានាវាសហរដ្ឋអាមេរិកមានផ្ទុកអ្នកដំណើរ និងបុគ្គលិកជាង ២,២០០នាក់បានជួបប្រទះជោគវាសនាមិនខុសពីនាវា Diamond Princes នោះឡើយ។ នាវា Westerdam ត្រូវបានប្រទេសនិងកោះសរុបចំនួន០៥ បដិសេធមិនឲ្យចូលចតនៅកំពង់ផែរបស់ពួកគេនោះឡើយ ក្នុងនោះមានដូចជា ជប៉ុន ហ្វីលីពីន ថៃ កោះតៃវ៉ាន់ និងកោះហ្គាំ (ដែនដីសហរដ្ឋអាមេរិក)។
បណ្តាអ្នកដំណើរចំរុះជាតិសាស្ត្រ និងក្រុមនាវិកបានអណ្តែតត្រសែត នៅកណ្តាលសមុទ្រ ដោយមិនដឹងត្រូវរកទីសំចត និងចុះចេញទៅណាបាន ព្រោះគ្មានប្រទេសណាមួយ ហុចដៃមកសង្គ្រោះពួកគេនោះឡើយ។ ភាពអាណិតអាសូត្រូវរសាត់ទៅឆ្ងាយ ព្រោះតែអ្នកនយោបាយនានា បានប្រឈមមុខនឹងសម្ពាធផ្ទៃក្នុង បង្ខំពួកគេត្រូវតែងាកទៅជ្រើសយកជម្រើសបង្កើនការប្រុងប្រយ័ត្ន។ ពិតមែនហើយនេះជាសិទ្ធិរបស់ប្រទេសទាំងឡាយ ដើម្បីការពារប្រជាជនរបស់ពួកគេ ប៉ុន្តែការពិតអ្វីដែលនៅតែជាបញ្ហាចំពោះមុខនោះ គឺមនុស្សធម៌ និងសិទ្ធិមនុស្សត្រូវបានរុញទុកនៅម្ខាង ហើយមិនត្រូវបាននរណាលើកឡើងនោះឡើយ។
ភាពអាត្មានិយម និងការគិតតែប្រយោជន៍ខ្លួនបានគ្របដណ្តប់នាថ្ងៃនោះបាត់ទៅហើយ ប៉ុន្តែកម្ពុជាបានបង្ហាញខ្លួនឡើងក្នុងគ្រាដ៏លំបាកបំផុតនេះ ហើយស្រែកប្រាប់ពិភពលោក តាមរយៈការបង្ហាញកាយវិការអាណិតអាសូរ និងអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ។ កម្ពុជាបានដឹកនាំផ្លូវនេះ ដោយការបង្ហាញចេញនូវភាព សណ្តោសប្រណីចំពោះជនជាតិនានាមកពី ៤១ប្រទេស ក្នុងនោះភាគច្រើនគឺជនជាតិ អាមេរិក កាណាដា អង់គ្លេស និងហូឡង់ ដែលគ្មានកន្លែងណាផ្សេង អាចឲ្យពួកគេរកបានទៀតឡើយ។
រាជាណាចក្រមួយនេះ ពិតជាបានធ្វើរឿងដ៏ត្រឹមត្រូវហើយ និងសមទទួលបាននូវការកោតសរសើរចំពោះការបង្ហាញចេញនូវមាគ៌ានៃភាពជាអ្នកដឹកនាំ ដ៏ពិតប្រាកដគួរមាន ដែលជាការគោរពទៅតាមនីតិវិធីរបស់ អង្គការសុខភាពពិភពលោក (WHO) ស្តីអំពីសុវត្ថិភាព និងសុខភាព។ នីតិវិធីនានារបស់ WHO នោះគឺការត្រួតពិនិត្យតាមបែបវេជ្ជសាស្ត្រ ទៅលើករណីសង្ស័យចំនួន២០ករណីនោះថា តើពួកគេអាចមានផ្ទុកជំងឺឬអត់ ហើយនឹងការត្រួតពិនិត្យទៅលើអ្នកដំណើរ និងបុគ្គលិកផ្សេងទៀតនៅលើនាវា។
កម្ពុជាបានទទួលការកោតសរសើរ ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូ អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus), អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោករបស់ UN លោក ហ្សូរ៉ាប ផូឡូលីកាសវីលី (Zurab Pololikashvili) និងសាធារណជនជាច្រើនទៀត។
បច្ចុប្បន្ននេះក្រុមជំនាញសុខាភិបាលនានាឯកភាពថា ការបង្ខាំងអ្នកដំណើរទុកនៅលើនាវា ដើម្បីធ្វើការអង្កេតតាមដានការវិវឌ្ឍសុខភាពពួកគេ នៅលើនាវាតែម្តងនោះ មិនមែនជាមធ្យោបាយដែលអាចទប់ស្កាត់ការឆ្លងជំងឺនោះឡើយ។ ជុំវិញបញ្ហានេះកាសែត The Lancet ដែលជាសារព័ត៌មានវេជ្ជសាស្ត្រដ៏ល្បីល្បាញ និងឯករាជ្យមួយរបស់អន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨២៣ ដោយលោក ថូម៉ាស់ វែកឡេយ (Thomas Wakley) មានការណែនាំដូចខាងក្រោម ដើម្បីផ្តល់ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយវិបត្តិ COVID-19។
The Lancet បានលើកឡើងថា «ក្តីអាណិតអាសូបូកផ្សំជាមួយនឹងការអនុវត្តដ៏ល្អប្រសើរ គឺជាផ្លូវដែលត្រូវដើរទៅមុខ»។ ការអនុវត្តដ៏ល្អប្រសើរនោះ គឺជាអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃនេះហើយ។ ប្រទេសកម្ពុជាបានអនុវត្តនូវការប្រុងប្រយ័ត្នទាំងអស់។ រាជាណាចក្រមួយនេះបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រជាមុន ទៅលើនាវា Westerdam ដើម្បីពិនិត្យសុខភាពអ្នកដំណើរ និងនាវិក ដើម្បីឲ្យច្បាស់ថាពួកគេពិតជាគ្មានជំងឺអ្វីឡើយ។
ទង្វើដូចខាងលើនេះ គឺជាការគោរពចំពោះនីតិវិធីរបស់ WHO ជាមួយនិងការគោរពសិទ្ធិនៃអ្នកដំណើរទាំងអស់។ មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធ ក៏បានឡើងទៅលើនាវានោះដូចគ្នា។ ពួកគេបានត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នកដំណើរ ដើម្បីរៀបចំផ្តល់ទិដ្ឋាការឲ្យពួកគេចាកចេញពីនាវា និងបន្តការធ្វើដំណើរតាមជើងហោះហើរ ត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនវិញ។
ប៉ុន្តែនេះមិនមែនជាអ្វីទាំងអស់ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើនោះឡើយ។ ប្រទេសកម្ពុជាអាចមិនមានចំណុច ដែលធ្វើឲ្យគេពេញចិត្តចំពោះការឆ្លើយតបទៅនឹង COVID-19 ហើយប្រសិនបើនរណាអាចនិយាយដូច្នេះបាន នោះគឺគ្រាន់ជាការយល់ឃើញមួយប៉ុណ្ណោះ។ រដ្ឋាភិបាលកម្ពុជាមិនមានបំណង ធ្វើឲ្យពលរដ្ឋរបស់ខ្លួនភ័យស្លន់ស្លោ ដើម្បីបញ្ចេញប្រតិកម្មបន្ទាន់ ដូចនៅតាមប្រទេសមួយចំនួនទៀតបានកើតមាននោះឡើយ ដូចជាការបង្កឲ្យមានភាពវឹកវរក្នុងប្រទេសជាតិ, អំពើលួចឆក់ប្លន់ក្នុងផ្សារទំនើប និងការសម្រុកចូលយកទំនិញពីក្នុងហាងនានា ដោយសារតែខ្លាចការបិទទ្វារជាដើម។
ក្រុមការងារថ្នាក់ជាតិចំនួន ០២ ត្រូវបានបង្កើតឡើង ដោយពួកគេទាំងនោះ គឺជាបុគ្គលិកមកពីមន្ទីរពេទ្យ និងគ្លីនិកនានាទូទាំងប្រទេស មានតួនាទីក្នុងការតាមដាន និងញែកអ្នកដែលមានរោគសញ្ញា COVID-19 ចេញពីគេឯង។ មន្ត្រីសុខាភិបាលកម្ពុជា កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) សម្រាប់ការធ្វើតេស្តនៅមន្ទីរពេទ្យ។
ដូចនៅប្រទេសដទៃៗទៀតដែរ កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមគោលការណ៍ណែនាំរបស់អង្គការ WHO ដែលរួមមានការការសម្របសម្រួល ថ្នាក់ប្រទេស, ការរៀបចំផែនដី, ការពិនិត្យ និងតាមដាន, ការសហការគ្នានៃសហគមន៍ និងការធ្វើទំនាក់ទំនងបន្ទាន់ពេលមានហានិភ័យ, ការឃ្លាំមើលស្ថានការណ៍វិវឌ្ឍ, ការត្រៀមក្រុមផ្តួចផ្តើម និងឆ្លើយតបរហ័ស ព្រមទាំងការស៊ើបអង្កេតករណីបន្ទាន់នានា។
ពួកគេក៏កំពុងរៀបចំការត្រួតពិនិត្យច្រកចូល, រៀបចំមន្ទីរពិសោធន៍ជាតិ ដើម្បីធ្វើតេស្ត, ផ្តល់យោបល់លើការការពារ និងកិច្ចការពារការឆ្លងមេរោគ, អនុវត្តការគ្រប់គ្រងករណី ក៏ដូចជាផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងភ័ស្តុភារក្នុងករណីចាំបាច់។ ឧប្បត្តិហេតុរបស់ Westerdam គឺជាករណីមួយនៅក្នុងចំណុចនេះហើយ។
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គ្រប់គ្នានិយាយអំពីការភ័យខ្លាចចំពោះ COVID-19 ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតផ្ទុយពីនេះ។ នៅពេលត្រូវបានសួរថា តើកម្ពុជានឹងអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ចូលចតឬអត់ ប្រសិនបើអ្នកដំណើរនៅលើនោះមានផ្ទុកវីរុសកូរ៉ូណា? ចម្លើយរបស់ខ្ញុំ គឺខ្ញុំនឹងឲ្យកប៉ាល់ចូលចតឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះយើងមិនអាចទុកឲ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើដែនសមុទ្រឡើយ»។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា «វាគឺជាពេលវេលាចាំបាច់ខ្លាំងណាស់ ដែលយើងត្រូវចូលរួមដើម្បីឆ្លើយតបទៅនឹងបញ្ហា ដែលនៅចំពោះមុខយើង។ វីរុសមិនមែនបង្កគ្រោះថ្នាក់ តែចំពោះប្រទេសមួយនោះទេ។ ប្រទេសច្រើនណាស់កំពុងប្រឈមមុខនឹងបញ្ហានេះ។ តើយើងអាចនិយាយពីការគោរពសិទ្ធិមនុស្ស ដោយរបៀបណាទៅ បើសូម្បីតែសិទ្ធិក្នុងការរស់រានមានជីវិត ក៏មិនត្រូវបានគោរពផងនោះ?»។
ដើម្បីធ្វើការបញ្ជាក់នៅត្រង់ចំណុចនេះ ស្ត្រីជនជាតិអាមេរិកម្នាក់អាយុ ៨៣ឆ្នាំ ពីកប៉ាល់ Westerdam ត្រូវបានរកឃើញដោយម៉ាឡេស៊ីថា មានផ្ទុកមេរោគ COVID-19 ពេលលោកស្រីចុះចតនៅម៉ាឡេស៊ី ដើម្បីត្រៀមបន្តដំណើរទៅប្រទេសកំណើតវិញ ហើយសំនួរជាច្រើនបានលេចឡើងដោយឯកឯង អំពីប្រសិទ្ធភាពនៃការធ្វើតេស្តសុខភាព របស់អាជ្ញាធរកម្ពុជា។
អ្វីដែលជាការពិតនោះ «ពេលវេលាជាក់នៃការបញ្ចេញរោគសញ្ញា និងការបង្ហាញរបស់មេរោគ COVID-19 នៅតែមិនទាន់មាននរណាកំណត់បានឡើយ»។ ដូច្នេះវាក៏អាចទៅរួចដែរថា «អ្នកដំណើរខាងលើនេះមិនបានបញ្ចេញអការៈគ្រុនក្តៅ ឬរោគសញ្ញាណាមួយនៃជំងឺ (COVID-19) នោះឡើយនៅពេលត្រូវបានត្រួតពិនិត្យដោយបុគ្គលិកពេទ្យរបស់កម្ពុជា ប៉ុន្តែគាត់បានបង្ហាញសញ្ញានៃការឆ្លងវីរុស COVID-19 នៅរយៈពេលប៉ុន្មានម៉ោងក្រោយមកទៅវិញ នៅពេលគាត់ទៅដល់ប្រទេសម៉ាឡេស៊ី»។
ការធ្វើតេស្តដោយបំពាន និងជាប្រព័ន្ធទៅលើអ្នកដំណើរ និងបុគ្គលិកទាំងអស់លើនាវា នឹងរំលោភបំពានទៅលើសិទ្ធិបុគ្គល ហើយវាពិតជាមិនចាំបាច់នោះឡើយ ដោយយោងលើនីតិវិធីរបស់ WHO។ ទោះបីជាយ៉ាងណា សារព័ត៌មាន The Lancet បានលើកឡើងថា រឿងមួយដែលពិតប្រាកដមិនអាចប្រកែកបាននោះ គឺការបង្ខាំងមនុស្សទុកដើម្បីតាមដានសុខភាព គឺមិនមែនជាមធ្យោបាយល្អនោះឡើយ។
ជាក់ស្តែងអ្វីដែលជប៉ុនបាននិងកំពុងអនុវត្តនោះ គឺកំពុងទទួលការរិះគន់រួចទៅហើយ ប៉ុន្តែប្រទេសនានាមិនបានធ្វើការស្តីបន្ទោសលើរដ្ឋាភិបាលជប៉ុន ឬក៏ក្រុមហ៊ុនគ្រប់គ្រងនាវា Diamond Princess ចំពោះទង្វើបែបនោះឡើយ។ សម្រាប់ករណីរបស់កម្ពុជា សហរដ្ឋអាមេរិក កាណាដា និងប្រទេសផ្សេងៗទៀត បាននាំយកពលរដ្ឋពួកគេចាកចេញពីនាវា (Westerdam)។
The Lancet បានលើកឡើងថា នៅពេលដែលការវិវឌ្ឍរបស់វីរុស (COVID-19) កំពុងឆ្ពោះទៅមុខ មធ្យោបាយដែលអាជ្ញាធរនានាដោះស្រាយ ចំពោះអ្នកដែលបានរងផលប៉ះបាល់ ឬឆ្លងវីរុសនោះក៏កំពុងដំណើរការទៅមុខដូចគ្នា។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺយើងត្រូវតែរក្សាភាពអត់ធ្មត់ និងរក្សាការណែនាំជាប់ជានិច្ច ទៅដល់ពលរដ្ឋទាំងអស់ឲ្យអនុវត្តនូវអ្វីដែលគួរធ្វើ ដើម្បីការពារខ្លួនពួកគេ។
សរុបសេចក្តីមក រដ្ឋាភិបាលដែលបង្ហាញភាពស្លន់ស្លោ នឹងមានតែធ្វើឲ្យពលរដ្ឋរបស់ខ្លួន ភិតភ័យកាន់តែខ្លាំងប៉ុណ្ណោះ។ ប្រជាជនកំពុងតែសិក្សាមេរៀនថ្មីៗ នៅរៀងរាល់ម៉ោង និងរាល់ថ្ងៃ។ នៅក្នុងបរិបទនៃអ្វីដែលបានកើតមានចំពោះនាវា Westerndam «កម្ពុជាពិតជាបានធ្វើរឿងដ៏ត្រឹមត្រូវ»៕
ប្រភព៖ សារព័ត៌មាន Eleven Myanmar និង The Lancet (ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០)