(ពោធិ៍សាត់)៖ ក្មេងប្រុសវ័យ ១៣ឆ្នាំម្នាក់ ត្រូវបានក្មេងប្រុសវ័យ ១២ឆ្នាំ អនីតិជនដូចគ្នា ទាញកាំបិតផ្គាក់កាប់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារតែទំនាស់ពាក្យសម្តី។
ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចដារអិល ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយឈ្មោះ សូន ភត្រា អាយុ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ បានយកកាំបិតកកុក (ផ្គាក់) កាប់ចំនួន០១កាំបិត ទៅលើឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ១៣ឆ្នាំ (អនីតិជន) បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុដូចគ្នា បណ្តាលឱ្យរងរបួសធ្ងន់ ចំកញ្ចឹងកខាងឆ្វេងដៃ។
សេចក្តីរាយការណ៍បន្តថា មូលហេតុដែលបង្កឱ្យមានករណីហិង្សា គឺទំនងមកពីទំនាស់ពាក្យសំដី។
បច្ចុប្បន្ន ក្មេងប្រុសរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ដោយឡែក ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងប៉ុស្តិ៍ក្រពើពីរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕