(ភ្នំពេញ)៖ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ ជាលទ្ធផលមកដល់ពេលនេះសម្រេចបាន៨៥%ហើយ និងអាចរួចរាល់នៅថ្ងៃទី៥ ខែមីនា ខាងមុខ។ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង៦ព្រឹក ក្រុមការងារបានស្ទូចតម្លើងគ្រោងដែកតួស្ពានរួចរាល់។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋានបានបិទចរាចរណ៍ឆ្លងកាត់ក្នុងរយៈពេលខាងលើ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ
ពង្វាងចរាចរណ៍នៅទីតាំងការដ្ឋាន តាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក។
គួរំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ»។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ បានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនាបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។
គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ចំណែក គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ក្នុងនោះរួមមាន៖
*នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង
*នៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង *បើគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញរូចរាល់ នោះរាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងចំនួន ៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕