(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅវត្តផុងភក្តីវរារាម ក្នុងឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ វេទិកានេះមានការចូលរួមពីអស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ តំណាងមន្ទីរ ការិយាល័យជំនាញជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរឃុំភក្តី កងកម្លាំងប្រដាប់អាវុធ និងប្រជាជនប្រមាណ ៤៥០នាក់។
បន្ទាប់ពីលោកអភិបាលស្រុកឡើងធ្វើរបាយការណ៍មក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ពាក្យភក្តី បើក្នុងការប្រយុទ្ធនឹងមេរោគអេដស៍គឺត្រូវស្មោះស្ម័គ្រមួយទល់នឹងមួយ។ សម័យយើងនេះ មានសុខសន្តិភាពច្រើនជាងគេ និងបានយូរជាងសម័យមុនៗ។ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ចាប់ពីចុងឆ្នាំ១៩៩៨មក យើងបានសុខសន្តិភាពរហូត។ ដោយសារមានសន្តិភាព ទើបយើងមានការអភិវឌ្ឍ មានផ្លូវជាច្រើនក្រាលកៅស៊ូ ព្រមទាំងនឹងធ្វើការពង្រីកថែមទៀត។ ខេត្តកំពង់ស្ពឺពីមុនក្រជាងគេ ប៉ុន្តែឥឡូវនេះ មានទឹកស្អាត អគ្គិសនី បង្គន់អនាម័យប្រើប្រាស់។ ចំពោះកម្រិតជីវភាពវិញ ក្នុងពេល១០ឆ្នាំទៀត យើងម្នាក់ៗនឹងមានចំណូលយ៉ាង តិច៣៥០០ដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ២០៥០ យើង ម្នាក់ៗនឹងមានចំណូលចាប់ពី១ម៉ឺនដុល្លារ ហើយប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ចំពោះរឿង EBA ទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គវេទិកាថា សូមកុំបារម្ភ។ ពីមុនគេអនុគ្រោះមិនយក ពន្ធ តែឥឡូវគេយកពន្ធ២០%។ គេមិនមែនបិទទីផ្សារទេ គឺឱ្យយើងបង់ពន្ធលើស្ករ កាបូប វ៉ាលី ស្បែកជើងជាដើម។ បើមានការផ្អាកការងាររោងចក្រមួយ ចំនួនក្នុងពេលដ៏ខ្លីខាងមុខនេះ គឺប៉ះចំលើរោងចក្រមួយចំនួន ដោយសារខ្វះវត្ថុធាតុដើមពីចិន។ ប្រទេសចិនកំពុងឆ្លងរាលដាល Covid-19 មិនមានការផលិតក្រណាត់ និងវត្ថុធាតុដើមដើម្បីនាំចេញមកកាន់កម្ពុជា និងពិភពលោកទាំងមូល។ ដូច្នេះ រឿងផ្អាកដំណើរការរោងចក្រមួយចំនួនគឺដោយសារខ្វះក្រណាត់ ឬវត្ថុធាតុដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងគិតគូរដោះស្រាយ។
បន្តមក ទេសរដ្ឋមន្ត្រី បានប្រគល់កម្មវិធីជូនប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរផ្សេងៗ។ ចំពោះសេវាតម្រូវការ ប្រជាជនបានស្នើសុំធ្វើអត្ត សញ្ញាណបណ្ណថ្មី។ ជាការឆ្លើយតប ទេសរដ្ឋមន្ត្រីប្រគល់ជូន លោកអធិការនគរបាលស្រុកពន្លឿនការដោះស្រាយជូន។ ឯសំណូមពរដែលលើកឡើងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ការស្តារ ជួសជុល កសាង ផ្លូវ ប្រឡាយ ទំនប់ទឹក សាលារៀន សាលាឆាន់ ភ្ជាប់បណ្ដាញអគ្គីសនីចូលតាមផ្ទះ ធ្វើរបងស្រះទឹក ប្រាក់ខែបុគ្គលិកសហគមន៍ព្រៃឈើ សម្លៀកបំពាក់ប្រជាការពារជាដើម។
សំណួរ និងសំណូមពរសរុបចំនួន២០។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យលោកមេឃុំ និងលោកអភិបាលស្រុកឡើងឆ្លើយ និងបកស្រាយជា៤ ដំណាក់ កាល។ ហើយលោក និងក្រុមការងារធ្វើការដោះស្រាយជូនដូចជា ទំនប់ទឹកមានសប្បុរសជនកំពុងជួយជួសជុល ការស្នើសុំស៊ីម៉ងត៍៥តោនដើម្បីបន្តសង់សាលាឆាន់ ផ្តល់ជូនជាថវិកា២លានរៀល ការធ្វើរបងស្រះទឹក ផ្តល់ជូនថវិកា ១លាន៥សែនរៀល និងស្នើសុំមេឃុំ និងប្រជាពលរដ្ឋធ្វើបុណ្យរៃអង្គាសថវិកាបន្ថែម។ ចំពោះសម្លៀកបំពាក់ប្រជាការពារ លោកប្រគល់ជូនក្រុមការងារឃុំដោះស្រាយ។ ឯប្រាក់ខែសហគមន៍ព្រៃឈើ លោកស្នើសិក្សាជាមួយរដ្ឋបាលព្រៃឈើ ដើម្បីដោះស្រាយ។ សេវាសំណូមពរ បើដោះស្រាយបានភ្លាមយើងដោះជូន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានសង្កត់បញ្ជាក់ជូនប្រជាជនថា ចំពោះសំណូមពរដែលប្រជាជនបានលើក ហើយស្រុក និងឃុំបានទទួលយកទៅដោះ ស្រាយ លោកនឹងតាមដានត្រួតពិនិត្យមើល។ លោកបានស្នើឱ្យស្រុក និងឃុំចុះទៅសិក្សាមើល ហើយរាយការណ៍ បើមានក្នុងគម្រោងកម្មវិធី ចាត់ទុកថាបានដោះស្រាយហើយ។ តែបើគ្មានក្នុងគម្រោងកម្មវិធីទេ យើងនឹងសិក្សាដោះស្រាយជូន។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា យើងមិនប្រកាន់បក្សពួកទេ។ យើងស្វាគមន៍អ្នកដែលចូលមករួមរស់ទាំងអស់មិនដែលប្រកាន់ទេ។ យើងធ្វើផ្លូវ តភ្ជាប់បណ្ដាញអគ្គិសនី និងធ្វើការអភិវឌ្ឍ ដើម្បី បម្រើប្រជាជនដោយមិនប្រកាន់ពណ៌សម្បុរ។ ចំពោះ ការរំលាយបក្សសង្រ្គោះជាតិ គឺដោយសារពួកនេះធ្វើការផ្តួលរំលំ មិនមែនតាមលទ្ធិប្រជាធិបតេយ្យទេ។ ការផ្តួលរលំបានបរាជ័យកាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ។ ពេលនេះសាបរលាប ដោយសារពួកគេខ្លួនឯងគ្មានសមត្ថភាព។ លោកក៏បានបញ្ជាក់ថា គណបក្សណាដែលមានការគាំទ្រពីប្រជាជននឹងរស់នៅបានយូរ អង្វែង។ យើងបាននិងកំពុងធ្វើតាមលក្ខណៈប្រជាធិបតេយ្យសេរីពហុបក្ស ដោយបោះឆ្នោតរៀងរាល់៥ឆ្នាំ និងមានគណបក្សជាច្រើនចូលរួម។
ទេសរដ្ឋមន្ត្រីបានណែនាំឱ្យសាលាស្រុក និងការិយាល័យកសិកម្មរៀបចំជាសហគមន៍កសិកម្ម ដោយចងក្រងបងប្អូនដែលមានស្រែជាប់គ្នាឱ្យសហការគ្នា រួមជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីជួយរក្សាតម្លៃស្រូវ។ ជាមួយគ្នានោះ យើងត្រូវជួយថែរក្សាបរិស្ថាន រក្សាអនាម័យនៅកន្លែងរៀបចំពិធីផ្សេងៗ នៅតាមសាលា ដើម្បីទាក់ទាញទេសចរ។ ក៏បានផ្តាំថាឱ្យបន្តថែរក្សាសន្តិភាព ដើម្បីធានាស្ថិរភាព និងការអភិវឌ្ឍ៕