(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក W.Patrick Murrphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមកជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ ក្រុមការងាររបស់ក្រសួង សុខាភិបាល និងមន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននិងកំពុងបំពេញការងារក្នុងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងជូនភ្ញៀវទេសចរណ៍ Westerdam។
លោក W.Patrick Murrphy បានថ្លែងទៅកាន់មន្រ្តីក្រសួងសុខាភិបាលយ៉ាងដូច្នេះថា «...កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំពិតជាមោទនភាព ខ្លាំងណាស់ ចំពោះគាត់ និងអ្នកទាំងអស់គ្នា ដែលបានធ្វើការងាររួមគ្នា និងសហការគ្នា ដើម្បីឱ្យអ្នកដំណើរគ្រប់រូបអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ លោកនាយករដ្ឋមន្ត្រី ពិតជាមានការប្ដេជ្ញា ចិត្តខ្លាំងណាស់ ប្ដេជ្ញាចិត្តខ្លាំងបំផុតលើគម្រោងមួយនេះ...ខ្ញុំយល់ថា អ្នកគ្រប់គ្នា រួមទាំងពលរដ្ឋអាមេរិកដែលបានត្រឡប់ទៅផ្ទះវិញពួកគេនឹងចងចាំកម្ពុជា»។
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ក៏បានចូលថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះការឆ្លើយតប យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ហើយលោកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាបន្តសហការជាមួយកម្ពុជាបន្ថែមទៀត។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានជម្រាបជូនសម្ដេចតេជោថា លោកបានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការចូលចតកប៉ាល់ ដែលមានភាគច្រើន ជាជនជាតិអាមេរិកនៅក្នុងនោះ។
លោកបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចតនៅ ក្រុងព្រះសីហនុ។ លោកបន្តថា នេះជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាត ឱ្យចូលចតទេនោះ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។
លោកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗរបស់ សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្សកំពុងតែត្រូវការចាំបាច់ ហើយលោកក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការ ជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួង ទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះយើងមានមូលដ្ឋាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយលោកបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចូលចត៕