(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រជុំជាលើកទី២ នៃអនុគណៈកម្មការទី១ ដើម្បីពិភាក្សាពីដំណើរការនៃកិច្ចការងារ ដែលត្រូវធ្វើទៅផែនការ និងបន្ដដាក់អនុវត្ដការងារមួយចំនួនទៀត ក្នុងការត្រៀមរៀបចំខួប ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️ សន្តិភាព - ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។
កិច្ចប្រជុំនេះដែលធ្វើឡើងនៅស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា បានដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាន អនុគណៈកម្មការ ខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ អនុគណៈកម្មការទី១ នៃគណៈកម្មការរៀបចំខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។
ទន្ទឹមនឹងនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំ-មន្ត្រីទាំងអស់ ដែលបានខិតខំលះបង់បំពេញការងារ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសបានថ្លែងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមទៀត និងសាមគ្គីគ្នា លើការងារជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់៕