(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធឆ្លងដំបូលព្រះវិហារ សាលារៀន និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្តគគីរច្រាប ស្ថិតក្នុងឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានតម្លៃជាង៩ម៉ឺនដុល្លារ។
នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗ បានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។
នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាងគ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឱ្យកត់សម្គាល់។
នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។
នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តគគីរច្រាប ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើន ក្នុងវត្តជាការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ព្រោះថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រាប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ។
លោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន ដំបូលព្រះវិហារ កសាង និងជួសជុលសាលារៀន បំពាក់អំពូលភ្លើងបំភ្លឺ និងសមិទ្ធផលនានាជាច្រើនទៀត សរុបជាទឹកប្រាក់ ៩០១៧០ដុល្លារ ដែលជាសមិទ្ធផលថ្មីបន្ថែមទៀត ក្រៅអំពីសមិទ្ធផលជាច្រើនដែលនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី និងលោកស្រីរួមជាមួយសប្បុរសជនពុទ្ធបរិស័ទក្នុង ជិតឆ្ងាយ តែងតែបានជួយឧបត្ថម្ភក្នុងការកសាងទុកជាឧត្តមប្រយោជន៍សាសនា សង្គម និងប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់៕