(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២០នេះ ក្រុមអ្នកស្រាវជ្រាវវ័យក្មេងប្រមាណ២០០នាក់ មកពីចម្រុះមហាវិទ្យាល័យ នៅទូទាំងប្រទេសកម្ពុជា នឹងធ្វើការសិក្សាឈ្វេងយល់ និងស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍ នៅប្រទេសកម្ពុជា ក្រោមគម្រោងប្រវត្តិសាស្រ្តភូមិ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
គម្រោងប្រវត្តិសាស្ត្រភូមិ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងការបោះពុម្ពផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលក្រុមអ្នកសិក្សាស្រាវជ្រាវកម្ពុជាប្រមូលបាន។
គម្រោងនេះពាក់ព័ន្ធនឹងសមាសធាតុសំខាន់ៗបីគឺ ១៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្នុងការប្រមែប្រមូល និងសរសេររៀងរ៉ាវប្រវត្តិសាស្រ្តផ្ទាល់មាត់ ២៖ ការបណ្តុះបណ្តាលលើការងារ និងការណែនាំ ដើម្បីឲ្យសម្រេចបាននូវគម្រោងប្រវត្តិសាស្រ្តភូមិ និង ៣៖ ការបោះពុម្ពផ្សព្វផ្សាយកិច្ចការស្រាវជ្រាវ ចេញពីគម្រោងប្រវត្តិសាស្រ្តភូមិ ក្នុងទម្រង់មួយសម្រាប់ប្រើប្រាស់ នៅតាមសាលា និងកម្មវិធីអប់រំក្រៅផ្លូវការ។
គម្រោងនឹងផ្តោតលើគោលដៅបីផ្សេងគ្នា រួមមាន ៖
១៖ ប្រមែប្រមូល និងថែរក្សាការចងចាំរបស់អ្នករស់រានជីវិតពីរបបខ្មែរក្រហម
២៖ បង្កើនការផ្សះផ្សា និងការសន្ទនារវាងអ្នករស់រានមានជីវិត និងក្មេងជំនាន់ក្រោយដែលកើតក្រោយឆ្នាំ១៩៧៩ ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម
៣៖ បង្កើនការយល់ដឹងជាសាធារណៈ អំពីបទពិសោធន៍ផ្ទាល់ខ្លួន របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អ្នកស្រាវជ្រាវវ័យក្មេងទាំង២០០នាក់នេះ នឹងត្រូវធ្វើនៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃ ដែលផ្តោតទៅលើការស្រាវជ្រាវ និងការសរសេររឿងរ៉ាវប្រវត្តិសាស្រ្តផ្ទាល់មាត់។ គោលបំណងនៃសិក្ខាសាលានេះ គឺផ្តល់ជំនាញជាមូលដ្ឋាន ស្តីពីវិធីធ្វើបទសម្ភាសន៍ផ្ទាល់មាត់ ជាមួយជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែក្រហម ក៏ដូចជាបច្ចេកទេសក្នុងការស្រង់ទិន្នន័យ ពីបទសម្ភាសន៍ដែលជាប់ពាក់ព័ន្ធ និងការរៀបចំសរសេរ។
សិក្ខាសាលារយៈពេល២ថ្ងៃ នឹងត្រូវអនុវត្តទៅតាមគម្រោងស្រាវជ្រាវ ដែលក្នុងនោះក្រុមអ្នកសិក្សាស្រាវវ័យក្មេង នឹងធ្វើការសម្ភាសន៍ជាក់ស្តែងជាមួយ អ្នករស់រានមានជីវិត នៅក្នុងភូមិឃុំរបស់ខ្លួន ដោយមានបុគ្គលិកជំនាញ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកពិគ្រោះយោបល់អន្តរជាតិដឹកនាំ។ អ្នកសិក្សាស្រាវជ្រាវវ័យក្មេងម្នាក់ៗ នឹងត្រូវសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់ នៅក្នុងតំបន់ភូមិឃុំរបស់ខ្លួន។
លោក ផេង ពង្សរ៉ាស៊ី ប្រធានគម្រោងប្រវត្តិសាស្រ្តភូមិ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាគ្រូឧទ្ទេសនៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលឯកសារកម្ពុជា មានមានគោលដៅធ្វើយ៉ាងណាឲ្យយុវជនវ័យកម្ពុជា ចេះប្រមូលព័ត៌មាន ធ្វើការជាក្រុម រៀបចំកម្រងសំណួរ ស្រាវជ្រាវ ផលិត និង ចងក្រងសាច់រឿងប្រវត្តិសាស្ត្រដោយខ្លួនឯង។
លោកថា ក្រុមអ្នកស្រាវជ្រាវវ័យក្មេងទាំងនេះ បាន និងកំពុងកសាងសមត្ថភាព និងពង្រឹងផ្នែកស្រាវជ្រាវរបស់ខ្លួន តាមរយៈការពិភាក្សា និងជ្រើសរើសប្រធានបទតូចៗ ទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ជាមួយនឹងបុគ្គលិកជំនាញ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលកិច្ចការទាំងនេះ ក៏ជាតម្រូវការចាំបាច់របស់និស្សិតទាំងអស់ ក្នុងការឆ្លើយតបទៅនឹងកិច្ចការស្រាវជ្រាវ ដែលចាត់តាំងដោយសាស្ត្រាចារ្យ នៅតាមសាលានីមួយៗ ដែលមានការជួយជ្រោមជ្រែង និងសហការពីមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ពង្សរ៉ាស៊ី បន្ថែមថា ក្រុមអ្នកសិក្សាស្រាវជ្រាវវ័យក្មេងទាំងនេះ នឹងត្រូវបានបែងចែកជាក្រុមសំណេរ និងក្រុមថតវីដេអូខ្លីៗ ដែលក្រុមទាំងនោះតម្រូវឲ្យសិក្សា លើប្រធានបទផ្សេងៗគ្នា ផ្តោតសំខាន់ទៅលើ «ជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងសម័យខ្មែរក្រហម»។ មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់ដល់ក្រុមនិស្សិតទាំងអស់ នូវគំនិតយោបល់ស្រាវជ្រាវ ប្រភពឯកសារយោង និងការចំណាយលើកិច្ចការស្រាវជ្រាវ នៅតាមមូលដ្ឋាន។
លោក ផេង ពង្សរ៉ាស៊ី បានបន្តថា ចាប់ពីខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវវ័យក្មេងទាំងនេះ នឹងត្រូវចុះទៅធ្វើកិច្ចការស្រាវជ្រាវ នៅតាមគោលដៅទីតាំង ដែលខ្លួនបានកំណត់ ដឹកនាំដោយបុគ្គលិកមជ្ឈមណ្ឌល ឯកសារកម្ពុជា។ ចាប់ពីពាក់កណ្តាលខែមេសា ដល់បំណាច់ខែឧសភា ឆ្នាំ២០២០ សំណេរ និងខ្សែវីដេអូខ្លីទាំងអស់ នឹងត្រូវបញ្ចប់ទាំងស្រុងតាមកាលបរិច្ឆេទ ដែលបានកំណត់ បន្ទាប់ពីសំណេរ និងខ្សែវីដេអូទាំងនោះ ត្រូវបានកែសម្រួល និងពិនិត្យផ្ទៀងផ្ទាត់ពីអ្នកជំនាញនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងសាស្ត្រាចារ្យ។
អ្នកសិក្សាស្រាវជ្រាវវ័យក្មេង ដែលជាម្ចាស់កម្មសិទ្ធិនៃសំណេរ និងខ្សែវីដេអូខ្លី អាចប្រើប្រាស់សមិទ្ធផលរបស់ខ្លួន តាមតម្រូវការផ្ទាល់បានគ្រប់ពេលវេលា ដូចជាការដាក់ចូលក្នុងការប្រឡងប្រជែងស្នាដៃតាមរយៈកម្មវិធីផ្សេងៗ។
កែវ គីមអ៊ន គឺជានិស្សិតឆ្នាំទី២ ផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តកណ្តាល បានរៀបរាប់ថា «គម្រោងប្រវត្តិសាស្រ្តភូមិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងធ្វើឲ្យខ្ញុំយល់ដឹងពីប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍ដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំនឹងជួបសម្ភាសន៍ជាមួយអ្នកឆ្លងកាត់របបខ្មែរក្រហម ដែលជាប្រភពឯកសារដ៏សំខាន់សម្រាប់សិក្សា។ គម្រោងនេះនឹងជួយខ្ញុំឲ្យចេះបង្កើតសំណួរស្រាវជ្រាវ សរសេរគម្រោងស្រាវជ្រាវ»។
ឆេន ចិន គឺជានិស្សិតឆ្នាំទី២ ផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តព្រៃវែង បានរៀបរាប់ថា «ខ្ញុំបានជ្រើសប្រធានបទ ការបង្កើតសហករណ៍ នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំរំពឹងថា បន្ទាប់ពីខ្ញុំចុះស្រាវជ្រាវ និងសរសេរប្រធានបទនេះចប់ និងមានការបោះពុម្ពផ្សាយ ប្រធានបទរបស់ខ្ញុំនឹងជាឯកសារសម្រាប់ សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិផ្សេងទៀត។ ខ្ញុំចង់ឲ្យប្រជាជនកម្ពុជាបានស្គាល់ទីតាំងប្រវត្តិសាស្រ្តដែលកើតឡើងនៅក្នុងភូមិរបស់ខ្លួន និងយល់ដឹងពីប្រវត្តិសាស្រ្ត»។
ចាន់ រ៉ាត់ គឺជានិស្សិតឆ្នាំទី២ ផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តពោធិ៍សាត់ បានរៀបរាប់ថា «គម្រោងប្រវត្តិសាស្រ្តភូមិនេះ នឹងជួយបង្កើនសមត្ថភាពរបស់ខ្ញុំក្នុងការស្រាវជ្រាវ សរសេររឿងរ៉ាវប្រវត្តិសាស្រ្ត និងបានស្គាល់ទីតាំងប្រវត្តិសាស្រ្តនៅតាមមូលដ្ឋាន។ ប្រធានបទដែលខ្ញុំនឹងសរសរ គឺជាឯកសារសម្រាប់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងប្រជាជនទូទៅ»។
នៅក្នុងគម្រោងប្រវត្តិសាស្រ្តភូមិនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាមានទីតាំងចំនួន៥កន្លែងទៀត នៅតាមបណ្តាខេត្ត ក្រៅពីការិយាល័យនៅក្នុងទីក្រុងភ្នំពេញសម្រាប់ក្រុមអ្នក ស្រាវជ្រាវវ័យក្មេងចុះទៅស្រាវជ្រាវ រួមមាន៖
១៖ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
២៖ ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តព្រៃវែង
៣៖ ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តតាកែវ
៤៖ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង
៥៖ ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម ៕