(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញឲ្យដឹងថា រាជរដ្ឋាភិបាលប្រទេសស៊ុយអែត និងយូនីសេហ្វ បានប្រកាសចាប់ផ្ដើមអនុវត្តគម្រោងភាពជាដៃគូ ដើម្បីគាំទ្រដល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងអប់រំ ជាមួយហិរញ្ញប្បទានពីរាជរដ្ឋាភិបាលស៊ុយអែត គម្រោងភាពជាដៃគូក្នុងទឹកប្រាក់៨.៣លានដុល្លារនេះ នឹងត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ (២០២០-២០២៣) ដើម្បីផ្ដល់ការគាំទ្រដោយផ្ទាល់ ដល់កំណែទម្រង់ជាអាទិភាព និងកម្មវិធីនានាក្នុងវិស័យ អប់រំ ដូចដែលត្រូវបានដាក់ចេញ ក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា។

ភាពជាដៃគូនេះ នឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាគោលដៅពាក់ព័ន្ធគុណភាព នៃការអប់រំ និងបរិយាបន្ន សមភាពយេនឌ័រ ក៏ដូចជាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យនៅតាមសាលារៀន ដែលផ្ដល់អត្ថប្រយោជន៍ដល់កុមារា កុមារី ជាពិសេសកុមារ ដែលកំពុងជួបការលំបាក ឲ្យអាចសម្រេចសក្ដានុពលរបស់ពួកគេ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វិស័យអប់រំ ត្រូវបានចាត់ទុកជាវិស័យមានសារសំខាន់ខ្ពស់ ក្នុងក្របខ័ណ្ឌអាទិភាព នៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា ដោយវិស័យអប់រំ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ សម្រាប់ជំរុញការបង្កើនគុណភាព របស់ធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច។

លោករដ្ឋមន្ដ្រី បានអះអាងទៀតថា តាមរយៈភាពជាដៃគូថ្មី ជាមួយនឹងប្រទេសស៊ុយអែត និងយូនីសេហ្វនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹងប្រព័ន្ធអប់រំ ដើម្បីអាចឆ្លើយតបកាន់តែមានប្រសិទ្ធភាព ចំពោះតម្រូវការការអប់រំរបស់កុមារគ្រប់រូបនៅកម្ពុជា។

ជាមួយគ្នានេះ លោក Björn Häggmark ឯកអគ្គរាជទូត នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា បានទទួលស្គាល់ពីភាពជាដៃគូដ៏សំខាន់ និងមានលក្ខណៈយូរអង្វែង រវាងក្រសួងអប់រំ យុវជន និងកីឡា ប្រទេសស៊ុយអែត និងយូនីសេហ្វ ក្នុងកិច្ចសហការ គ្នាដើម្បីលើកកម្ពស់គុណភាព និងបរិយាបន្ននៃការអប់រំនៅកម្ពុជា។

លោកបញ្ជាក់ថា «ប្រទេសស៊ុយអែត មានសេចក្ដីសោមនស្សរីករាយ ក្នុងការធ្វើជាដៃគូរយៈពេលវែង ជាមួយនឹងយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងឡើងវិញ និងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។ តាមរយៈការបន្ត ភាពជាដៃគូនេះ យើងនឹងបន្តជួយដល់កុមារគ្រប់រូបនៅកម្ពុជា ជាពិសេសកុមារ មកពីក្រុមជនជាតិដើមភាគតិច កុមារមានពិការភាព និងកុមារមកពីតំបន់ជនបទ និងតំបន់ក្រីក្រក្នុងទីប្រជុំជន ដើម្បីឲ្យពួកគេអាចទទួលបាន ការអប់រំ ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌។ ការងារដែលធ្វើឡើងតាមរយៈភាពជាដៃគូនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយឲ្យប្រទេសកម្ពុជា អាចសម្រេច អាទិភាពនៃការអភិវឌ្ឍជាតិ និងបោះជំហានទៅសម្រេចចំណុចដៅសំខាន់ៗ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

បន្ថែមពីនេះ លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូថ្មីនេះ ក្នុងការពង្រីកសក្ដានុពល និងមាគ៌ាជីវិតសម្រាប់កុមារនៅកម្ពុជា។

លោកស្រីបានលើកឡើងថា ទោះបីជាមានការសម្រេចបាននូវវឌ្ឍន៍ភាពជាច្រើន ក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ កុមារជាច្រើននាក់នៅកម្ពុជា នៅតែបន្តទទួលបានលទ្ធផលសិក្សាទាប ក្នុងសាលារៀន ដោយសារមូលហេតុជាច្រើន ដូចជាបរិយាកាសបង្រៀន និងរៀននៅមានគុណភាពទាបជាដើម។ ភាពជាដៃគូនេះ នឹងជួយគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីសំខាន់ៗ ដែលផ្ដល់ការអប់រំកាន់តែមានគុណភាព និងសមធម៌ដល់កុមារ គ្រប់រូបនៅកម្ពុជា។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ បានបញ្ជាក់ទៀតថា ភាពជាដៃគូនេះក៏នឹងជួយឲ្យកុមារ និងក្មេងជំទង់ ដែលមានសមត្ថភាព និងមានសាវតាសង្គមខុសៗគ្នា អាចទទួលបានការអប់រំ ប្រកបដោយបរិយាបន្ន គុណភាព និងឆ្លើយតបតាមតម្រូវការ ដើម្បីឲ្យពួកគេអាចអភិវឌ្ឍន៍ និងសម្រេចបានសក្ដានុពលរបស់ខ្លួន បានពេញលេញ៕