(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ លោកថា «អត់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងគ្មានសន្តិភាពទេ ដូច្នេះយើងត្រូវការគាំពារ និងគាំទ្រសម្តេចតេជោ ដែលលោកជានិម្មិតសញ្ញា នៃកម្លាំងរួបរួមជាតិ កម្លាំងសាមគ្គីជាតិ និងសន្តិភាពយូរអង្វែង»។
លោកតំណាងរាស្ត្របានសង្កត់ធ្ងន់ថា «អ្នកធ្វើបាបខ្មែរមិនមែនបរទេសទេ គឺខ្មែរគ្នាឯងនឹងដែលមានចរឹកក្បត់ជាតិតពូជ»។
លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្រុក បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភពមួយ ក្នុងមណ្ឌលសុខភាពច្រាច់ ស្ថិតក្នុងភូមិបដិវត្ត ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោកបានថ្លែងទៀតថា រហូតមកដល់ថ្ងៃនេះ គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកជំងឺវីរុសកូរ៉ណាទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំភ័យឲ្យសោះ ពិសេសគឺផ្សាយដោយភូតកុហកតាមបណ្តាញ សង្គមហ្វេកប៊ុក។
នៅក្នុងឱកាសនោះលោក សួស យ៉ារ៉ា បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់ប្រជាជនណាស់ ឮតែរោគកាចសាហាវផ្សេងៗ លោកតែងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន»។ លោកផ្តាំថា «ជំងឺក្តៅខ្លួន និងជំងឺផ្សេងៗទៀត យើងត្រូវខិតខំមើលថែឲ្យបានល្អ យើងត្រូវព្យាបាលជំងឺភយ័ខ្លាច កុំជឿលើជំងឺឃោសនា ដូច្នេះមកដល់ថ្ងៃនេះមិនមានប្រជាពលរដ្ឋខ្មែរយើងណាម្នាក់មានជំងឺនឹងទេ សូមបងប្អូនកុំភ័យឲ្យសោះ»។
សម្រាប់កម្មវិធីព្រឹកនេះ លោកថា អគារសម្ភពដែលជាអំណោយរបស់មិត្តចិន បើគិតជាមាសគឺមានទម្ងន់ ១គីឡូមាស ហើយលោកក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានសម្រេច ជួយសាងសង់អគាសម្ភពនេះ ដែលជាហេតុជួយកាត់បន្ថយដល់ការសម្រាលកូនរបស់បងប្អូនប្តជាពលរដ្ឋទៅទីឆ្ងាយៗផងដែរ។ ទន្ទឹមនិងនេះលោក សួស យ៉ារ៉ា បានណែនាំទៅមន្ទីរសុខា ភិបាលខេត្តព្រះវិហារ ត្រូវបន្ថែមបុគ្គលិកមកទីនេះ ហើយចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រូវដាក់កម្មវិធីចុះមកទីនេះមួយឆ្នាំម្តង ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលការ ពិនិត្យព្យាបាលដោយឥតគិតថ្លៃ។
នៅក្នុងឱកាសនោះលោក សួស យ៉ារ៉ា និងភរិយា បានឧបត្ថម្ភការចាក់ដី ២០០ឡាន កំព្យូទ័រ លែបថបព្រីនធ័រ ១គ្រឿង និងរថយន្តសង្រ្គោះ ១គ្រឿង ជូនដល់មណ្ឌលសុខភាពច្រាច់ ឧបត្ថម្ភលួសបន្លាសម្រាប់ព័ទ្ធរបងសាលាបដិវត្ត ឧបត្ថម្ភអណ្តូងស្នប់ និងបន្ទប់ទឹកសម្រាប់គណបក្សឃុំ និងឧបត្ថម្ភថវិកាដល់អ្នកបានចូលរួមផងដែរ៕