(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជំរុញដល់មន្ត្រីរាជការមន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយសមធម៌ មិនត្រូវទារប្រាក់ក្រៅផ្លូវការ ឬទទួលសាគុណពីអ្នកជំងឺ ត្រូវអនុវត្តន៍បទបញ្ជាផ្ទៃក្នុង ឱ្យបានម៉ឹងម៉ាត់ ជាពិសេសនោះត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
ការជំរុញបែបនេះរបស់លោក កែ រដ្ឋា បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ២០២០ របស់មន្ទីរពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរលោក កែ រដ្ឋា ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានខិតខំបំពេញការងារ ក្នុងរយៈពេលកន្លងមក និងបានរៀបចំកិច្ចប្រជុំនាពេលនេះ។ ដោយស្មារតីយកចិត្តទុកដាក់រួមចំណែកអនុវត្តន៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអនុវត្តន៍ យ៉ាងហ្មត់ចត់ នូវការគ្រប់គ្រង់គួបផ្សំ និងវិធីសាស្ត្រធ្វើបដិសណ្ឋាកិច្ច ចំពោះអ្នកជំងឺបានល្អ ក្នុងរយៈពេលកន្លងមកទើបមន្ទីរពេទ្យខេត្តស្វាយរៀង បានក្លាយជាកន្លែង សម្រាប់ធ្វើការដកពិសោធន៍ សម្រាប់មន្ទីរពេទ្យបង្អែកនានាទូទាំងប្រទេសដែលអនុវត្តន៍ហិរញ្ញប្បទានដូចគ្នា។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានបន្តថា ដើម្បីដំណើរការប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល និងមូលនិធិសមធម៌សុខាភិបាល ឱ្យកាន់តែប្រសើរថែមទៀតនោះ មានកត្តាបី គឺទី១៖ ការពង្រឹងអភិបាលកិច្ចក្នុងមន្ទីរពេទ្យ, ទី២, វិធីសាស្ត្រធ្វើបដិសណ្ឋារកិច្ច ប្រកបដោយអាកប្បកិរិយាល្អ រាក់ទាក់ស្លូតបូតរបស់គ្រូពេទ្យ និងបុគ្គលិកពេទ្យ ចំពោះអ្នកជំងឺ, ទី៣៖ គឺការខិតខំបង្កើនបច្ចេកវិទ្យា ក្នុងការថែទាំសង្គ្រោះអ្នកជំងឺឱ្យអស់ពីចិត្តពីថ្លើម នៅតែជាប្រធានបទគន្លឹះចំបង សម្រាប់បន្តនិរន្តភាព នៃការជឿជាក់ទុកចិត្តរបស់ក្រសួង អាណាព្យាបាលក៏ដូចជាការទាក់ទាញនូវការជួយឧបត្ថម្ភទ្រទ្រង់ខាងហិរញ្ញវត្ថុរបស់សប្បុរសជន និងអង្គការនានាបន្ថែមទៀត។
លោកកែ រដ្ឋា បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់រៀបចំឯកសារ អ្នកជំងឺដោយអនុវត្តន៍ ទៅតាមសេចក្តីណែនាំសំណុំ សកម្មភាពបង្គ្រប់កម្រិត៣ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានត្រឡប់ឱ្យបានទូលំទូលាយដល់អតិថិជន ដែលបានចូលមកប្រើប្រាស់សេវាក្នុងមន្ទីរពេទ្យ ជាពិសេសនោះត្រូវព្យាយាមដោះស្រាយរាល់សំណូមពររបស់អតិថិជន។
ជាមួយនេះលោកវេជ្ជបណ្ឌិត កែ រដ្ឋា ក៏អំពាវនាវដល់អង្គការជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ មេត្តាជួយបំពេញបន្ថែម នូវករណីអនុគ្រោះចំពោះប្រជាជនក្រីក្រ ដើម្បីឱ្យមន្ទីរពេទ្យខេត្តស្វាយរៀង មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដំណើរការងារហិរញ្ញប្បទានសុខាភិបាល ជាបន្តទៅទៀតផងដែរ៕