(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា វីរុសកូរ៉ូណា ឬហៅថា COVID-19 ជះផលតិចតួចប៉ុណ្ណោះ លើវិស័យអចលទ្រព្យកម្ពុជា ហើយនឹងប្រសើរឡើងវិញ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ នាពេលណាដែលអ្នកជំនាញអាចរកថ្នាំព្យាបាល និងគ្រប់គ្រងបាន។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន សិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលភាពជោគជ័យ សម្រាប់៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន Century 21 ដោយមានការចូលរួមពីសំណាក់ វាគ្មិនល្បីៗឈ្មោះចំនួន៦រូប។
លោកបានលើកឡើងយ៉ាងដូច្នេះថា «វិស័យអចលនទ្រព្យ នៅក្នុងដើមឆ្នាំ២០២០នេះ យើងឃើញថាមានភាពប្រឈមមួយចំនួន បាននិងកំពុងកើតឡើង នៅប្រទេសកម្ពុជា ក៏ដូចជាសកលលោក ជាពិសេសអ្នកដែលប្រកបរបរទទួលទាន នៅលើវិស័យអចលនទ្រព្យកម្ពុជា ហើយមកដល់មួយរយៈចុងក្រោយនេះ គឺមានភាពប្រឈមពាក់ព័ន្ធទៅនឹងជំងឺកូរ៉ូណា ដែលជាការប៉ះពាល់រយៈពេលខ្លីមួយ និងប៉ះពាល់តិចតួចទៅលើវិស័យអចលនទ្រព្យកម្ពុជាផងដែរ»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានបន្តថា ជំងឺនៅក្នុងពេលនេះ ជាជំងឺភ័យខ្លាចដោយម្នាក់ៗ ចាប់ផ្តើមភ័យហើយទាំងអស់នេះ អាចនឹងក្លាយជាឱកាសសម្រាប់អ្នកដែលហ៊ានវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ព្រោះមានឱកាសចរចាខ្ពស់ ខណៈដែលកំពុងមានបញ្ហាផ្ទុះឡើងយ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងឱកាសវិនិយោគ លើវិស័យអចលនទ្រព្យនាពេលនេះ លោកបានបញ្ជាក់ថា បើវិនិយោគនៅក្នុងកាលៈទេសៈនេះ ការវិនិយោគរយៈពេលវែង គឺជាការវិនិយោគដ៏ល្អ ព្រោះអាចមានឱកាសចំណេញប្រាក់ច្រើន នៅក្នុងពេលអនាគត ហើយជាឱកាសដែលមានការចរចាបានល្អ ប៉ុន្តែបើសិនជាទិញ ក្នុងរយៈពេលខ្លីត្រូវតែមានការប្រយ័ត្នប្រយែង។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា តម្លៃអចលនទ្រនៅក្នុងកម្ពុជានាពេលនេះ គឺស្ថិតនៅដដែល ពោលគឺមិនមានការឡើងថ្លៃ ហើយក៏មិនមានការចុះថ្លៃនោះដែរ។
ទន្ទឹមនឹងផលប៉ះពាល់តិចតួច ដោយសារជំងឺកូរ៉ូណានេះលោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានបញ្ចាក់ឲ្យដឹងផងដែរថា សម្រាប់វិស័យអចលនទ្រព្យ ដែលមានតម្លៃខ្ពស់ចាប់ពី១លានដុល្លារឡើងទៅអាចនឹងការប៉ះពាល់ខ្លះ ប៉ុន្តែសម្រាប់អចលនទ្រព្យដែលមានតម្លៃសមរម្យដូចជា ៨ម៉ឺនទៅ ២០ម៉ឺនដុល្លារ គឺមិនមានការប៉ះពាល់អ្វីទេ ពោលនៅតែមានការបញ្ជាទិញល្អ ព្រោះតែភាគច្រើនទិញសម្រាប់ធ្វើការរស់នៅប៉ុណ្ណោះ មិនមែនសម្រាប់រកប្រាក់ចំណេញនោះទេ។
សូមជម្រាបថា ក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនអចលនទ្រព្យមានឯកទេសលើទីផ្សារដីធ្លី បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យបន្ថែម ៣៨០០នាក់ ដើម្បីដំណើរការអាជីវកម្មនៅទូទាំងប្រទេស ហើយបានរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងទ្រង់ទ្រាយធំមិនធ្លាប់មាននៅកម្ពុជា។
សិក្ខាសាលា «បណ្តុះភាពជោគជ័យសម្រាប់ ៣៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យ» បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ (Grand Ballroom) ដោយមានវាគ្មិនជំនាញ៧រូប ក្នុងគោលដៅតម្រង់ទិសអ្នកចូលរួមឆ្ពោះ ទៅរកភាពជោគជ័យក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ។
លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធ ធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឲ្យដឹងថា នេះជាឱកាសកម្រសម្រាប់ប្អូនៗ និស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យ ក្នុងវិស័យផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន និងកែលម្អជីវភាពរស់នៅ។ យោងតាមលោកស្រី រចនីហ្វុង អាជីពជាភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យជីវភាពប្រសើរឡើង ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អ តាមរយៈការជួបជាមួយម្ចាស់ទ្រព្យនៅកម្ពុជា និងអ្នកវិនិយោគពីក្រៅប្រទេសដែលជាអ្នកមានធនធានហិរញ្ញវត្ថុ និងចំណេះដឹង។
លោកស្រីថ្លែងថា៖ «នេះជាឱកាសកម្រសម្រាប់បងប្អូនដែលចង់ទទួលបានប្រយោជន៍ពីការរីកចម្រើនពីវិស័យអចលនទ្រព្យក្នុងការកែប្រែស្ថានភាពជីវភាពរបស់គាត់ និងក្រុមគ្រួសារ និងជួយដល់ម្ចាស់ទ្រព្យនៅកម្ពុជា។ ភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ជាជីវៈទាំង ៣ ៨០០នាក់នឹងជួយបង្កើនទំនុកចិត្តលើវិស័យអចលនទ្រព្យកម្ពុជា សម្រាប់វិនិយោគិន ហើយពួកគាត់អាចមានឱកាសទទួលបាន ការបណ្តុះបណ្តាលបន្ថែមទាំងកម្រិតជាតិ និងអន្តរជាតិ ឬមានឱកាសទៅទស្សនៈកិច្ចនៅសាខា Century 21 នៅក្រៅប្រទេសដូចជា អាមេរិក ជប៉ុន ឬចិនជាដើម»។
វាគ្មិនជំនាញដែលបានចូលរួមវគ្គ «បណ្តុះភាពជោគជ័យសម្រាប់ ៣៨០០នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» បានលើកយកប្រធានបទផ្សេងៗជាច្រើនមកធ្វើការចែករំលែក ដែលសុទ្ធសឹងជាកត្តាគន្លឹះសម្រាប់អាជីពជាភ្នាក់ងារអចលនទ្រព្យដែលរួមមានដូចជា ប្រធានបទទាក់ទងនឹងជំនាញផ្នែកទំនាក់ទំនង ជំនាញផ្នែកលក់ និងប្រធានបទទាក់ទងនឹងឥទ្ធិពលនៃការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យអចលនទ្រព្យជាដើម។
យោងតាមលោកស្រី រចនីហ្វុង តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់នៅកម្ពុជា ដោយសារកំណើនគម្រោងវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស។ កំណើននេះ តម្រូវឲ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែម ៣៨ (១៤ ខណ្ឌនៅភ្នំពេញ និង២៤ខេត្ត) ហើយត្រូវការជ្រើសរើសភ្នាក់ងារ៣៨០០នាក់៕