(ព្រៃវែង)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានរៀបចំពិធីប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយថ្លឹងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមអធិបតីលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោក ឌុច គន្ធា អភិបាលរងខេត្តសមាជិកសមាជិកាយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនេះលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងថា ខេត្តព្រៃវែងមានផ្លូវជាតិចំនួន ៥ខ្សែមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៨៨ ផ្លូវជាតិលេខ១៣ នឹងមានស្ថានីយ៍ជញ្ជីងចល័តចំនួន ២កន្លែង នៅលើកំណាត់ផ្លូវជាតិលេខ១ និងកំណាត់ផ្លូវជាតិលេខ៨។

ក្នុងនោះជញ្ជីងចល័តអ្នកលឿងផ្លូវជាតិលេខ១ បានត្រួតពិនិត្យរថយន្តសរុបចំនួន ៦,១៨៥ គ្រឿង ផាកពិន័យបានចំនួន ៣៤,០៥០,០០០រៀល និងស្ថានីយជញ្ជីងចល័តព្រៃព្នៅផ្លូវជាតិលេខ៨ ត្រួតពិនិត្យរថយន្តសរុបចំនួន ៤៤,១០០គ្រឿង ផាកពិន័យបានចំនួន ២៨១,៩៥០,០០០រៀល។

ចំពោះប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់រួមមាន៖

*ទី១ ៖ លោក មាស កេង ប្រធានស្ថានីយជញ្ជីងផ្លូវជាតិលេខ១ អ្នកលឿង
*ទី២ ៖ លោក ជា ម៉ូ ប្រធានស្ថានីយជញ្ជីងផ្លូវជាតិលេខ៨ ព្រៃព្នៅ ខេត្តព្រៃវែង
*ទី៣ ៖ លោក យន់ រស្មី ប្រធានស្ថានីយជញ្ជីងខេត្តស្វាយរៀង។

លោក សេង ឈួន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្ត របស់មន្ទីរសាធារណការខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលបានអនុវត្តយ៉ាងល្អប្រសើរនាពេលកន្លងមក។

លោកក៏បានណែនាំមន្ត្រី ដែលនឹងប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាពេលនេះត្រូវបន្តអនុវត្តសកម្មភាពការងារ ឲ្យបានល្អប្រសើរដើម្បីធានាបាននូវគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង ចំពោះរថយន្តគ្រប់ប្រភេទដែលដឹកលើសទម្ងន់កំណត់ ឆ្លងកាត់ផ្លូវរបស់ខ្លួនប្រចាំការរាងៗខ្លួននោះ៕