(ស្វាយរៀង)៖ សាលារៀនបឋមសិក្សាសាមគ្គីរង្សី ក្នុងស្រុកស្វាយទាប ដែលនៅមិនឆ្ងាយពីទីរួមខេត្តស្វាយរៀង បច្ចុប្បន្នកំពុងជួបប្រទះការលំបាកខ្វះអគារសិក្សាជាខ្លាំង។
ជាក់ស្តែងតាមសម្តីលោក អ៊ុ ឈន នាយកសាលាបឋមសិក្សាសាមគ្គីរង្សី ដែលមានទីតាំងជាមួយនឹងវត្តសាមគ្គីរង្សី នៅក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឲ្យដឹងថា សព្វថ្ងៃសាលាមានអគារសិក្សាចំនួន ៣ខ្នង រួចហើយ ២ខ្នង ស្មើនឹង ៨បន្ទប់ និង១ខ្នងទៀតមាន ៣បន្ទប់ ដែលមានសិស្សជាង ៤០០នាក់ កំពុងរៀនរាល់ថ្ងៃ ក្នុងនោះ ១បន្ទប់ធ្វើជាទីចាត់ការ និង បណ្ណាល័យ។
លោកនាយកបន្តថា ដោយសារតែមានកំណើនអ្នកចំណូលស្រុកច្រើន ដែលភាគច្រើនជាគ្រួសារ កម្មកររោងចក្រដែលមានកូនតូចគ្រប់អាយុចូលរៀន ជាហេតុធ្វើឲ្យសិស្សមានចំនួនច្រើនពេក បានបណ្តាលឲ្យខ្វះអគារសិក្សាក៏ដូចជា បន្ទប់រៀនជាខ្លាំង ទើបសាលាបានរៀបចំឲ្យសិស្សថ្នាក់ខ្លះរៀននៅក្រោមកុដិលោកសង្ឃជាដើម។
ទោះជាយ៉ាងណាក្តីលោកនាយក នាយករង លោកគ្រូអ្នកគ្រូ ក៏ដូចជា អាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាសាមគ្គីរង្សី សូមគោរពអំពាវនាវសប្បុរជន និងថ្នាក់ដឹកនាំសូមមេត្តាជួយ ឧបត្ថម្ភបន្ថែមទៀត ដើម្បីសាលាមានលទ្ធភាព សាងសង់អាគារសិក្សា ឱ្យបានមួយខ្នងថែមទៀត ដើម្បីឲ្យសិស្សបានរៀសូត្រឱ្យបានត្រឹមត្រូវផង។
ពាក់ពន្ធ័ទៅនិងបន្ទប់សិក្សានេះលោក វ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅសាលាបឋមសិក្សាសាមគ្គីរង្សី នេះពិតជាខ្វះបន្ទប់សិក្សាឥឡូវកំពុងតែកៀរគរសប្បុរសជនដើម្បីជួយកសាងបន្ទប់រៀនផងដែរ។
សូមបញ្ជាក់ថា សាលារៀន គឺជាកន្លែងថ្នាលបណ្តុះធនធានមនុស្ស និងផ្ដល់ចំណេះដឹង ហើយបច្ចុប្បន្នសាលារៀននៅក្នុងប្រទេសកម្ពុជា គេឃើញមានស្ទើរគ្រប់ទីកន្លែងមិនថា ទីប្រជុំជន និងជនបទ ឬតំបន់ ដាច់ស្រយាល៕