(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសាវនាការ និងសំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ាន ស្តីពី ការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដែលដឹកនាំដោយ លោក SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ ដែលធ្វើឡើងនាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ការជួបសំណេះសំណាលនេះ ដើម្បីពិភាក្សាការងារមួយចំនួនរួមមាន៖
*ការកំណត់វិទ្យាស្ថានអប់រំ ក្នុងការបណ្តុះបណ្តាលតាមដែលអាចធ្វើទៅបាន ដែលមានសមត្ថភាពអនុវត្តកម្មវិធីបណ្តុះបណ្តាល ការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយតាមផ្ទះ នៅក្នុងប្រទេសនីមួយៗ
*ការកំណត់អត្តសញ្ញាណការបណ្តុះបណ្តាល និងតម្រូវការជំនាញរបស់បុគ្គលិកទៅលើ ការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ ដើម្បីកំណត់តម្រូវការសម្រាប់ការគាំទ្រពីខាងក្រៅ ក្នុងករណីដែលវិទ្យាស្ថានខាងលើ រៀបចំកម្មវិធីបណ្តុះបណ្តាលនៅក្នុងស្រុក
លើការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ ដែលបញ្ជាក់ពីវិទ្យាស្ថានអប់រំ។
ជាងនេះទៅទៀត ការបណ្តុះបណ្តាលនេះ នឹងក្លាយជាសមាជិកនៃបណ្តាញមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ាន លើការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ ដែលផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពថ្នាក់តំបន់-ក្នុងស្រុក
លើការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ ដោយសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រោះមហន្តរាយអាស៊ាន។
សូមបញ្ជាក់ដែរថា គម្រោងពង្រឹងសមត្ថភាពតំបន់អាស៊ាន ស្តីពី ការគ្រប់គ្រងសុខភាពក្នុងពេលមានគ្រោះមហន្តរាយ ជាមួយគម្រោងសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវបានអនុម័តជាផ្លូវការដោយគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍អាស៊ាន កាលពីខែមករា ឆ្នាំ២០១៦៕