(ព្រះសីហនុ)៖ អ្នកទេសចរណ៍ចុងក្រោយសរុប ២៣៣នាក់ នៅលើនាវា WESTERDAM នៅវេលាថ្ងៃត្រង់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចាកចេញ និងកំពុងធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួននៅថ្ងៃស្អែក ក្រោយទាំងអស់គ្នាពិនិត្យសុខភាពពុំឃើញមានមេរោគ Covid-19 ។
នៅឯកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល, លោក លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) នាយកនាវា Westerdam ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានស្វាគមន៍ និងជូនដំណើរអ្នកទេសចរណ៍ទាំង២៣៣នាក់ផងដែរ។
ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល សម្រាប់ភ្ញៀវទេសចរ ដែលនៅសល់ជាង៥០០នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជំរាបថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវា Westerdam ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ នៅវិមានសន្តិភាព៕