(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៥ និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។
ដំណើរទៅចូលរួមកិច្ចប្រជុំរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៉ីត រដ្ឋមន្រ្តីការបរទេសឡាវ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ពិភាក្សាពីទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការនេះក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ ហើយដែលនៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជា វិធានការណ៍ ដែលបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។
បើតាមក្រសួងការបរទេស, ការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំខាងលើ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែងដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រនិងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃ ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ៕