(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗ ជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្តិភាពចៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចមានបញ្ហាកើតឡើងជាយថាហេតុ។
ការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង ១៤ផងដែរ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មានបញ្ហាធ្លាក់ និងបាក់ដងស្ទូចសំរាប់យោងសម្ភារឡើងទៅខាងលើការដ្ឋាន ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
លោកអភិបាលរាជធានី ក៏បានសង្កត់ធ្ងន់ថា រាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរដែលឆ្លងកាត់ការដ្ឋាន និងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតិឲ្យសំរាកនៅក្នុងការដ្ឋានជាដាច់ខាត រាល់ពេលបញ្ចប់ម៉ោងការងារ។
តាមស្ថិតិរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ ដែលបានសាងសង់រួច និងកំពុងដំណើរការសាងសង់ចាប់ពីកំពស់ ៥ជាន់ ដល់៤០ជាន់មានប្រមាណ ១២៩២អគារ។
សំរាប់ស្ថិតិឆ្នាំ២០១៩សំណង់កំពស់ ៥ជាន់ដល់ ៩ជាន់មានចំនួន ៣៨១អគារ, កំពស់១០ជាន់ដល់ ១៩ជាន់មាន ១១០អគារ, ចាប់ពីកំពស់ ២០ជាន់ទៅ ២៩ជាន់ មាន ១៥អគារ, ពី ៣០ជាន់ទៅ ៣៩ជាន់មាន ១៤អគារ, ពី៤០ជាន់ទៅមាន ១២អាគារ ចំណែកសំណង់បុរីមានចំនួន ២៤៤បុរី ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីជាការដាស់តឿនដល់ម្ចាស់សំណង់នានាត្រូវប្រាកដថា សំណង់របស់ខ្លួនត្រូវតែធានាគុណភាព សុវត្ថិភាពនិងធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ការបាក់រលំអគារសំណង់នៅខេត្តព្រះសីហនុ និងខេត្តកែបនាពេលកន្លងមក ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួស រាប់សិបនាក់គឺជាមេរៀនពិសោធន៏ដ៏ឈឺចាប់ចំពោះសំណង់ដែលគ្មានគុណភាព បណ្តាលឲ្យកើតឡើងនូវសោកនាដកម្មគួឲ្យរន្ធត់សំរាប់ជីវិតជនរងគ្រោះ៕