(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា វេទិកាស្តីពីគយកម្ពុជាលើកទី១ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានគយនេះ នឹងជួយការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម របស់វិស័យឯកជន។
ការថ្លែងរបស់មេគយកម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីគយកម្ពុជាលើកទី១ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានដកស្រង់សំដីរបស់បណ្ឌិត គុណ ញឹមថា «ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះ ក្នុងការចូលរួមចំណែកក្នុង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាបង្កើនអនុលោមភាព របស់វិស័យឯកជន តាមរយៈការបញ្ជ្រាបការយល់ដឹង របស់វិស័យឯកជន នូវប្រធានបទពាក់ព័ន្ធនឹងបច្ចេកទេសគយ និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន»។
វេទិកានេះរៀបចំឡើងថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលដំណើការទៅបានមានការសហការគាំទ្រសំខាន់ៗ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមាន ឧកញ៉ា គួច ផេង ជាប្រធាន និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ដែលមានឧកញ៉ា សុខ ពិសិដ្ឋ ជាប្រធានជាពិសេសមានការឧបត្ថម្ភពីក្រុមហ៊ុន G Gear Group ផលិតផល LG ក្រុមហ៊ុន Advanced Glory Logistics និង ក្រុមហ៊ុន Triumph Link។
វេទិកានេះមានវត្ថមាន សមាជិកសមាជិកាផ្នែកឯកជនសំខាន់ៗ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសិក្ខាកាមចំនួន១៥០ នាក់មកពីក្រុមហ៊ុនសហគ្រាសពាក់ព័ន្ធនានា។
អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់នូវសារៈសំខាន់ នៃយន្តការដៃគូគយ-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១០ និងបានធ្វើការវាយតម្លៃខ្ពស់ នូវវិធានការជាបន្តបន្ទាប់ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដាក់ចេញ ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។
ក្នុងវេទិកានោះដែរ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រីគយ និងរដ្ឋាករ ស្តីពីនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់, ការបង់ពន្ធអាករតាមមធ្យោបាយអេឡិចត្រូនិច (e-payment), ចំណាត់ថ្នាក់ទំនិញ និងការអនុវត្តអត្រាពន្ធអនុគ្រោះ ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរី ព្រមទាំងកិច្ចពិភាក្សាចោទឆ្លើយ ពីបញ្ហានានាពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីទាំងនេះផងដែរ៕