(វៀតណាម)៖ ថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMMRetreat) នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យនាវាទេសចរណ៍ Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២,២០០នាក់ ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ជាការបញ្ជាក់ថា ទោះកម្ពុជាតូចមែន តែមានបេះដូងទូលំទូលាយ ដោយមិនប្រកាន់ពូជសាសន៍ និងមិនរើសអើង ក្នុងស្ថានភាពដែលមនុស្សជាតិមានទុក្ខលំបាកវេទនា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បើទោះបីជាករណីទទួលនេះជាការប្រឈមផង និងជាការសម្រេចចិត្តដែលប្រកបដោយការលំបាកផង ប៉ុន្តែក្នុងភាពជាមនុស្សធម៌ សីលធម៌ និងក្នុងក្របខ័ណ្ឌនៃការបង្ហាញនូវទឹកចិត្តចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហា ស្មុគ្រស្មាញបែបថ្មីនេះ ទោះជាបីជាមានការប្រឈមបែបនេះក្តី។
សម្តេចពិជ័យសេនា បានបន្ថែមទៀតថា កម្ពុជាក៏សូមអំពាវនាវ សូមឱ្យមានការចូលរួមចំណែកជាមួយការជួយជ្រោមជ្រែងនេះ ដែលនឹងកាន់តែជួយបង្កើនទំនុកចិត្ត និងការចូលរួមពីគ្រប់សមាសភាព គ្រប់យន្តការ និងប្រភពផ្សេងៗដែលអាចធ្វើទៅបាន។
សម្តេចពិជ័យសេនា បានបន្តថា បញ្ហាគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់របស់យើង គឺនៅតែមាន។ តំបន់អាស៊ាន កំពុងតែប្រឈមនឹងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញឡើងពីបញ្ហាសន្តិសុខមិនមែនប្រពៃណី។ សម្តេចពិជ័យសេនា បានសម្ដែងការសាទរ ចំពោះការងាររបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាអាស៊ាន (ACMM) ដែលបានព្យាយាមដោះស្រាយបញ្ហានេះ។
សម្តេចពិជ័យសេនា បានសម្តែងនូវជំនឿជឿជាក់ថា យើងនឹងអាចបន្តសកម្មភាព ជាក់ស្ដែងចែករំលែកព័ត៌មាន ចែករំលែកការអនុវត្ត ដែលមានប្រសិទ្ធភាពបំផុត ក៏ដូចជាសាកល្បងសមត្ថភាព និងធនធានរបស់យើង ដើម្បីគ្រប់គ្រងការផ្ទុះ នៃជំងឺឆ្លងនេះ ហើយជួយឱ្យសហគមន៍របស់យើងកាន់តែមានភាពស្វិតស្វាញក្នុងការប្រឈមនឹងលក្ខខណ្ឌមិនអំណោយផលទាំងនេះ៕