(កណ្ដាល)៖ ប្រធានច្រកទ្វារព្រំដែនទាំង៤ទីតាំង នៃខេត្តកណ្ដាល ត្រូវបានផ្លាស់ប្ដូរគ្នាកាន់តំណែង ដោយប្រធានខ្លះ នៃច្រកទ្វារត្រូវផ្ទេរភារកិច្ចថ្មី ជំនួសមកវិញដោយមន្ត្រីផ្សេង ខណៈច្រកទ្វារទាំង៤ទីតាំងនេះ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។
ការប្រកាសផ្ទេរភារកិច្ចនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀតនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ការប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននាពេលនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ ច្រកទ្វារតំបន់ព្រែកស្បូវ និងច្រកទ្វារតំបន់ព្រែកជ្រៃ-ព្រែកទន្លា ដែលចាំបាច់ត្រូវមានប្រធានដើម្បីដឹកនាំគ្រប់គ្រង និងធានានិរន្តភាពការងារប្រចាំថ្ងៃ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យរាល់សកម្មភាពចេញចូលក្នុងកម្ពុជារបស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ ដើម្បីធានាឱ្យមានសន្តិសុខ ស្ថេរភាពសណ្ដាប់ធ្នាប់សង្គម នៅតំបន់ព្រំដែន និងក្នុងផ្ទៃប្រទេស ពិសេសលើកិច្ចការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងចំណូលថវិការដ្ឋផងដែរ។
សូមជម្រាបថា ក្នុងពិធីនេះបានសម្រេចផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ៤រូប រួមមាន៖
*ផ្លាស់ប្ដូរលោក សោម ជីវ័ន្ត ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃព្រែកទន្លាខេត្តកណ្ដាល ឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ *លោកខ្សែ ជនទ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្នុងអាណត្តិការងារជាលើកទី២
*លោក សំ វណ្ណារ៉ា ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រែកស្បូវ ក្នុងអាណិតការងារលើកទី២
*លោក គ្រូ គ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា។
សូមបញ្ជាក់ថា សេចក្ដីប្រកាសនេះ យោងតាមប្រកាសលេខ ៧០០ ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ៕