(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ប្រទេសកម្ពុជា នៅត្រូវការថវិកាប្រមាណ ៣៧២លានដុល្លារ ដើម្បីបោសសម្អាតមីន ដែលមានមីន៨០៦គីឡូម៉ែត្រក្រឡាផ្ទៃដី មានគ្រាប់បែកចង្កោម៧០៨គីឡូម៉ែត្រក្រឡា និងផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម៥០៨ គីឡូម៉ែត្រក្រឡា។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាស ក្នុងឱកាសប្រារព្ធខួបលើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២០។
តាមសារលិខិតរបស់សម្តេចតេជោ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដើម្បីបង្កើនកិច្ចប្រតិបត្តិការបោសសម្អាតមីនឲ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាថវិកាបដិភាគ១០ភាគរយ ទៅគ្រប់គម្រោងថ្មីៗ សម្រាប់ការបោសសម្អាតមីន ដើម្បីមនុស្សធម៌ ជាលក្ខណៈទ្វេភាគី ឬពហុភាគី និងបានដាក់ចេញនូវផែនការជាក់លាក់ ដើម្បីបញ្ចប់ការស្រាវជ្រាវទិន្នន័យជាមូលដ្ឋានចំនួន៧៣ស្រុក នៅខេត្តភាគខាងកើត ក្នុងឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល២៧ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩២-២០១៩ បានរំដោះផ្ទៃដីមានមីនបានប្រមាណចំនួន ១,៩៧៩,៤៧៦,៦២៣ម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីន ប្រឆាំងមនុស្សចំនួន ១,០៨០,៨១៤គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ២៥,១៨៦គ្រាប់, គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,៨៣២,៦២៦គ្រាប់។ លទ្ធផលទាំងនេះ បានធ្វើឱ្យចំនួនជនរងគ្រោះថយចុះពីចំនួន៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹមចំនួន៧៧នាក់ ក្នុងឆ្នាំ២០១៩កន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងទាំងនេះ ពិតជាប្រសូតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រើប្រាស់បង្កបង្កើនផល ធ្វើស្រែចម្ការ កសាងភូមិដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា កាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ទោះបីយ៉ាងណាក៏ដោយមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាការគំរាមកំហែងចំពោះប្រជាពលរដ្ឋ និងឧបសគ្គដល់ការអភិវឌ្ឍ ដូចជានៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ អត្រាជនរងគ្រោះមានការកើនឡើងចំនួន៣៣ភាគរយ ប្រៀបធៀបទៅនឹងអត្រាគ្រោះថ្នាក់នៅឆ្នាំ២០១៨៕