(កំពង់ឆ្នាំង)៖ ប្រឡាយទឹកប្រវែង ២,៧០០ម៉ែត្រ ចេញពីស្ទឹងតាកួន មកបឹងកំភ្លាញ ស្ថិតនៅក្នុងភូមិល្វា និងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់
ឆ្នាំង ក្នុងពេលនេះក្រុមហ៊ុនដែលទទួលម៉ៅការ កំពុងប្រើប្រាស់គ្រឿងចក្រកកាយប្រឡាយឱ្យជ្រៅ និងពង្រីកឱ្យធំជាងមុន ទៅតាមផែនការរបស់ស្រុកដើម្បីនាំទឹក ស្រោចស្រពដីស្រែជាង ២,០០០ហិកតា ចំណែកខ្នងប្រឡាយនេះក៏ត្រូវបានឈូសឆាយ និងកិនបង្ហាប់ធ្វើជាផ្លូវលំ សំរាប់ដឹកស្រូវពីស្រែមកកាន់មូលដ្ឋានផងដែរ។
ការស្តារប្រឡាយដែលរាជរដ្ឋាភិបាលបានជួយនេះ ធ្វើឱ្យប្រជាពលរដ្ឋជាម្ចាស់ស្រែប្រាំង រីករាយសប្បាយចិត្តគ្រប់ៗគ្នា នឹងសង្ឃឹមថាឆ្នាំក្រោយៗ ស្រូវក្នុងសែ្ររបស់ពួកគាត់នឹងលែងខ្វះទឹក ដូចឆ្នាំមុនៗទៀតហើយ។
លោក សឹង សុន ប្រធានគណៈកម្មការគ្រប់គ្រងទឹកក្នុងភូមិតាឡាត់ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងតំបន់នេះជារៀងរាល់ឆ្នាំការធ្វើស្រែប្រាំង តែងតែខ្វះខាតទឹកដោយសារប្រឡាយចាស់ បានគោកហើយរាក់ ដែលប្រជាពលរដ្ឋពុំមានលទ្ធភាពស្តារបានឡើយ ហើយរាល់ឆ្នាំក៏បានធ្វើឱ្យស្រូវក្នុងស្រែមួយចំនួន ខូចខាតស្វិត និងស្កកអស់ជាច្រើនហិកតាផងដែរ។
ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ តាមសំណូមពរប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាល ក៏បានទម្លាក់ថវិកាជួយស្តារប្រឡាយនេះដែលមានប្រវែង ២,៧០០ម៉ែត្រឱ្យជ្រៅ និងឱ្យធំជាងមុន ដើម្បីនាំទឹកពីស្ទឹងតាកួន មកស្រោចស្រពដី ស្រែប្រជាពលរដ្ឋជាង ២០០០ហិកតា ហើយខ្នងប្រឡាយនេះ ក៏បានក្លាយជាផ្លូវលំ ងាយស្រួលក្នុងការ ដឹកជញ្ជូនផលស្រូវ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ផងដែរ។
ក្នុងនាមលោកតំណាងឱ្យប្រជាពលរដ្ឋ សូមថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ដោះ ស្រាយនូវរាល់ការលំបាក របស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាក់ស្ដែងដូចជានៅក្នុងទឹកដី ស្រុកកំពង់លែងនេះជាដើម ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំស្រុក ជាពិសេសចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលលោកតែងតែចុះមកពិនិត្យនូវរាល់ការខ្វះខាតទឹក ដែលប៉ះពាល់ដល់ស្រែប្រាំង ជាង ២០០០ហិកតាខាងលើនេះ រហូតនាំមកនូវការស្ដាយប្រឡាយ និងធ្វើផ្លូវលើខ្នងប្រឡាយ ទៅតាមតម្រូវការចាំបាច់ដែលប្រជាពលរដ្ឋស្នើសុំ។
ដោយឡែកមេការក្រុមហ៊ុន យូសារិទ្ធ ដែលទទួលម៉ៅការស្តារប្រឡាយនេះបានឱ្យដឹងថា គម្រោងស្តារប្រឡាយនេះគឺ បាតក្រោមមានទទឹង២ម៉ែត្រ មាត់លើ ទទឹង៨ម៉ែត្រ និងបណ្តោយសរុបមានប្រវែង ២,៧០០ម៉ែត្រ ហើយមកដល់ថ្ងៃនេះ ក្រុមហ៊ុនលោកស្តារប្រឡាយនេះបានជាង៤០ %ហើយ និងប្រហែលជាបញ្ចប់គម្រោងនេះនៅពាក់ កណ្តាលខែមិនាខាងមុខនេះ។
លោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែង ក៏បានឱ្យដឹងផងដែរថា គម្រោងផែនការស្តារប្រឡាយនេះគឺចំណាយថវិកាមូលនិធិឃុំ បូកនឹងថវិកា របស់ប្រមុខរាជរដ្ឋាភិបាល តាមកម្មវិធី អាសប៉ាយ ( កម្មវិធីផ្សព្វផ្សាយបច្ចេសកទេសកសិកម្មថ្មី ដែលធុនទ្រាំ និងការប្រែប្រួលអាកាសធាតុ )។
លោក សុខ រិន បានបញ្ជាក់ឱ្យដឹងទៀតថា គម្រោងការស្តារប្រឡាយខាងលើនេះ ពិតជាមានសារប្រយោជន៍សំខាន់ណាស់ដល់ប្រជាកសិករ ក្នុងឃុំស្វាយរំពារ ដែលកន្លងមកស្រែពួកគាត់ តែងខ្វះខាតទឹករៀងរាល់ឆ្នាំ ប៉ុន្តែឥឡូវនេះពួកគាត់លែងព្រួយបារម្មណ៍ទៀតហើយ ព្រោះសង្ឃឹមថា ពេលស្តារប្រឡាយនេះរួច ស្រូវស្រែរបស់ពួកគាត់ពិតជាមានទិន្នផលខ្អស់ ដែលអាចប្រមូលផលផ្គត់ផ្គង់ក្នុងក្រុមគ្រួសារបានធូរធារមិនខានឡើយ៕