(កំពង់ធំ)៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានជំរុញឱ្យខេត្តកំពង់ធំ ពង្រឹងសមត្ថភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីអាចឆ្លើយតបបានទៅនឹងគ្រោះមហន្តរាយ ដែលអាចកើតមាន នាពេលខាងមុខ គួបផ្សំទៅនឹងការពង្រឹងប្រព័ន្ធផ្តល់ព័ត៌មាន ឱ្យដឹងជាមុនអំពីការកើតមានគ្រោះមហន្តរាយតាមប្រព័ន្ធទូរស័ព្ទ (1294) និងតាមប្រព័ន្ធ Facebook ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងមុន នឹងមានពេលវេលាត្រៀមខ្លួនឱ្យបានរួចរាល់។
លើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តកំពង់ធំ នាយឧត្ដមសេនីយ៍ គន់ គីម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់លើគ្រោះមហន្តរាយកើតមានគ្រប់ពេលវេលា និងបានជំរុញឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរដែនដីចុះជួយដោះស្រាយភ្លាមៗនៅពេលពលរដ្ឋជួបទុកលំបាក។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកសសើរចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ស្រុក និងមូលដ្ឋាន ឃុំ ភូមិ ដែលបានសហការគ្នា ធ្វើការឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយកើតឡើង និងសុំឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានត្រូវត្រៀម លក្ខណៈដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះរាំងស្ងួតនារដូវប្រាំងខាងមុខនេះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឆ្នាំកន្លងមកនេះទូទាំងខេត្តទទួលរងដូចជា៖
*គ្រោះរាំងស្ងួតមាន៦ ក្រុង ស្រុក
*ប៉ះពាល់ស្រូវ ១៥,៩៥៧ហិកតា
*ខូចស្រូវ ១,១៥៥ហិកតា
*ស្តារឡើងវិញ៦៤៨ហិកតា
*ជំនន់ទឹកភ្លៀងប៉ះពាល់៥ក្រុង ស្រុក
*ខូចស្រូវ ១,៣៥៧ហិកតា
*ប្រជាពលរដ្ឋ រងគ្រោះ២,៣៩៤គ្រួសារ
*ជម្លៀសទៅទីទួលសុវត្ថិភាពបាន ៧៨៧ គ្រួសារ
*ខ្យល់កន្ត្រាក់ ៧ស្រុក
*រលំផ្ទះ៤២ខ្នង
*រងកាខូចខាតមធ្យម ២០៧ខ្នង៕