(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក សំម រិទ្ធិវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់បើកការស៊ើបសួរ និងចោទប្រកាន់លើជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ពីបទរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារជាតិញៀន តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការគ្រប់គ្រឿងញៀន។ ក្រោយការចោទប្រកាន់របស់ខាងអយ្យការ សំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃនេះ។
លោកឧត្តមសេនីយឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News បានដឹងថា ជនសង្ស័យជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ដែលត្រូវសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង(ថ្នាំញៀន)មកដល់តុលាការហើយ ។
ការឃាត់ខ្លួនបុរសជាតិជប៉ុនរូបនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។
ជាលទ្ធផល នៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម៕