(ភ្នំពេញ)៖ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននិយាយថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្ញៀវទេសចរតាមនាវាយក្ស Westerdam ជាង១០០នាក់ទៀត ៣១សញ្ជាតិ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសរបស់ពួកគេតាមជើងហោះហើររៀងៗខ្លួនកាលពីយប់មិញ ក្រោយពីត្រួតពិនិត្យសុខភាពបង្ហាញថា មានស្ថានភាពល្អធម្មតា។
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ ហើយពេលនេះភាគីពាក់ព័ន្ធកំពុងបន្តសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖
* សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។
* ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
* គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ផ្អែកលើលទ្ធផលខាលើនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ទប្រះសីហនុ កំពុងបំពេញកិច្ចការដោយសហការជាមយយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឱ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបដោយការងារ និងជីវិតប្រចាំថ្ងៃ នៅប្រទេសរបស់ពួកគេរៀងៗខ្លួន៕