Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរជននានារួមគ្នាកសាងស្ពានថ្មមួយខ្សែ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងខេត្តបាត់ដំបង

19-02-2020 09:45

(បាត់ដំបង)៖ ស្ពានថ្មមួយខ្សែនេះ មានប្រវែង១០ម៉ែត្រ និងទទឹង៤.៥០ម៉ែត្រកន្លះ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា ប្រធានពុទ្ធគីរីកម្ពុជា លោកឧកញ៉ា អ៉ឹង ផល្លារ និងលោកស្រី, ឧកញ៉ា លី គង់ហុង និងឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាសប្បុរជន រួមនិងក្រុមគ្រួសារ និងមានការអញ្ជើញចូលរួម ពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

ស្ពានថ្មមួយខ្សែនេះ ប្រើប្រាស់ថវិកា កសាងអស់ចំនួន១ម៉ឺន ២ពាន់ដុល្លារ ដែលបានមកពីសប្បុរជន មូលមតិគ្នាជាឯកច្ឆ័ន ដឹកនាំដោយព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា ប្រធានពុទ្ធគីរីកម្ពុជា ប្រមូលថវិកា និងកសាងនូវសមិទ្ធិផលថ្មីនេះឡើង ដើម្បីទុកឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់ជាសាធារណៈ។

ព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា ប្រធានពុទ្ធគីរីកម្ពុជា បានមានសង្ឃដីការថា ស្ពានមួយខ្សែនេះ បានមកពីការរៃអង្គាសថវិកា របស់សប្បុរជន ដែលមានចិត្តសន្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រួមគ្នាជួយកសាងស្ពានថ្មមួយខ្សែឡើង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរស័ទ ក៏ដូចជាសិស្សានុសិស្ស ប្រើប្រាស់រួមទាំងអស់ ក្នងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ក្នុងថ្ងៃឆ្លងសមិទ្ធិផលថ្មីនេះ មានការចែកជូនជាអំណោយ តេយ្យទាន និងសម្ភារៈសិក្សាមួយចំនួន ដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមចំនួន៥០០នាក់ រួមនិងលោកតា លោកយាយ ប្រជាពលរដ្ឋកី្រក្រប្រមាណ២០០នាក់រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជាច្រើននាក់ នា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាឃុំជ្រៃ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សីទាំងអស់ សូមជួយថែរក្សា គ្រប់វិធីសាស្រ្ត ដែលអាចធ្វើទៅបាន ដើម្បីឲ្យសំណង់ ធានាបាននៅភាពរឹងមាំប្រើប្រាស់បានយូរអង្វែង ព្រោះរយៈកាលកន្លងទៅ ពិបាកក្នុងការឆ្លងកាត់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ដោយសារស្ពានចាស់ធ្វើពីឈើ ទ្រុតទ្រមខ្លាំង និងពិបាកក្នុងការដឹកជញ្ជូនសម្ភារៈកសិកម្មគ្រប់សព្វបែបយ៉ាង៕