(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល គឺជាវិស័យមួយដ៏ចំបងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ហើយតាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន ត្រូវបានរំពឹងថា កើនឡើងដល់២០០ប៊ីលានដុល្លារ ក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក សុខ ពុទ្ធិវុធ តំណាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ដំណោះស្រាយ នៃភាពស្មុគស្មាញ នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅក្នុងយុគសម័យនៃការតភ្ជាប់ (Tame the Complexity of Cybersecurity in the Connected Age) នៅទីស្ដីការក្រសួងប្រៃសណីយ៍។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់នូវការរីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាការទីផ្សារ និងសេដ្ឋកិច្ច នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោកថា «សេដ្ឋកិច្ចឌីជីថល គឺជាវិស័យមួយដ៏ចំបងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ហើយតាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន ត្រូវបានរំពឹងថា កើនឡើងដល់២០០ប៊ីលានដុល្លារ ក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ ដែលនៅក្នុងនោះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកមានទំហំទឹកប្រាក់ប្រមាណជា៨៨ប៊ីលានដុល្លារ»។
លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងខណៈពេលដែលវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បាននាំមកនូវឱកាសថ្មីៗជាច្រើន វាក៏បើកចំហនូវភាពងាយរងគ្រោះជាច្រើន ដល់យើងទាំងអស់គ្នាផងដែរ។ ជាសកល ការគំរាមគំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការវាយប្រហារ គឺកាន់តែមានភាពស្មុគស្មាញឡើងៗ ហើយផលប៉ះពាល់ ក៏មានទំហំធំធេងផងដែរ។ នៅកម្ពុជា ក៏អាចនឹងទទួលរងពីការគំរាមកំហែងនោះដែរ។
លើសពីនេះទៅទៀត បណ្តាញអ៊ីនធឺណិត របស់រដ្ឋាភិបាល ទទួលរងការវាយប្រហារ ជាមួយនឹងមេរោគ ការជ្រៀតចូលលួចទិន្នន័យ និងការកែប្រែព័ត៌មាន នៅក្នុងវេបសាយជាដើម។ ក្នុងនោះផងដែរ យើងក៏ធ្លាប់ទទួលរងគ្រោះ ដោយការវាយប្រហារក្នុងទម្រង់ DDoS ដែលធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា មានភាពរអាក់រអួលមិនដំណើរការ។
ជាមួយគ្នានោះ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ទៀតថា កម្ពុជាត្រូវការឆ្លើយតបទៅនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក សុខ ពុទ្ធិវុធ សង្ឃឹមនិងជឿជាក់ថា សិក្ខាសាលានេះ នឹងចូលរួមចំណែក ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបាននូវគោលដៅ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា នៅក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច ត្រង់មុំទី៣ បានកំណត់ថា «ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤»។
គូសបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំដោយនាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ ដោយមានការចូលរួមពីសិក្ខាកាមដែលជាតំណាងមកពីក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាសមីក្រូ ធនតូច និងមធ្យម និងគ្រឹះស្ថានឧត្តមសិក្សា សរុបប្រមាណជា ១៣៥នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពទៅដល់មន្រ្តី និងបុគ្គលពាក់ព័ន្ធផ្នែកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) ដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានា ដែលអាចកើតមានឡើងក្នុងប្រព័ន្ធអ៊ីនធឺណិត៕