(ភ្នំពេញ)៖ អាជីពជាគ្រូបង្រៀនត្រូវបានគេមើលឃើញថា មិនអាចធ្វើឱ្យជីវិតថ្កុំថ្កើងដូចអ្នកប្រកបអាជីពដទៃនោះឡើយ ដ្បិតថាអាជីពជាគ្រូបង្រៀនពឹងអាស្រ័យតែលើប្រាក់ខែផ្តល់ដោយរដ្ឋប៉ុណ្ណោះ ពោលបើរដ្ឋមាន ប្រាក់ខែក៏ខ្ពស់ តែបើរដ្ឋមិនសូវមាន មិនអាចទទួលបានប្រាក់ខែខ្ពស់នោះឡើយ។ តែអាជីពជាគ្រូបង្រៀនមានគុណសម្បត្តិ និងគុណតម្លៃដ៏មហាសាលមួយសម្រាប់សង្គមជាតិ គឺចូលរួមបណ្តុះធនធានមនុស្សដែលជាចលករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិ។
បើទោះបីជាអាជីពគ្រូបង្រៀនមិនអាចធ្វើឱ្យជីវិតថ្កុំថ្កើងយ៉ាងណាក្តី តែកុលបុត្រកុលធីតាខ្មែរជាច្រើន បានឈោងចាប់យកអាជីពជាគ្រូបង្រៀននេះ ក្នុងការរួមចំណែកធ្វើបេសកកម្មផ្តល់ចំណេះដឹងដល់កូនខ្មែរ។ វិទ្យាស្ថានជាតិជាតិអប់រំ ជាគ្រឹះស្ថានអប់រំរបស់រដ្ឋមួយ ដែលបានបំពាក់បំប៉នជំនាញគរុកុសល្យដល់មន្ត្រីអប់រំ និងគ្រូបង្រៀន បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាជំនាញនៅសាកលវិទ្យាល័យ។
ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបានប្រមាណ ៣ម៉ឺននាក់។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ វិទ្យាស្ថាននេះ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបានប្រមាណ ២២,៣៦២នាក់ នារី ៦,៨៦៦នាក់។
នៅឆ្នាំសិក្សា២០១៨-២០១៩ មន្ត្រីអប់រំ និងគ្រូបង្រៀនសរុបជិត ២ពាន់នាក់ទៀតហើយ បានបញ្ចប់ការសិក្សាគរុកុសល្យចេញពីវិទ្យាស្ថាននេះ។ មន្ត្រីអប់រំ និងគ្រូបង្រៀនជិត ២ពាន់នាក់នេះ ត្រូវបានធ្វើពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីអប់រំ និងគ្រូបង្រៀនដែលបានបញ្ចប់ការសិក្សាហើយអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកមិញនេះ សុទ្ធតែបានរំលេចទឹកមុខញញឹម ដែលជាការបង្ហាញឱ្យឃើញនូវក្តីរីករាយក្នុងការទទួលបាននូវអាជីព និងបេសកកម្មថ្មីលើវិថីអប់រំ។
លោកគ្រូ យុង ចម្រើន ជាកូនអ្នកខេត្តព្រៃវែង ហើយបានចាប់យកជំនាញជាគ្រូបង្រៀនមុខវិជ្ជាជីវៈវិទ្យា។ ក្រោយបញ្ចប់វគ្គគរុកុសល្យលោកគ្រូ ចម្រើន បានប្រឡងជាប់ទៅបង្រៀននៅខេត្តរតនគិរី។
លោកគ្រូ ចម្រើន បានបង្ហាញក្តីរីករាយ និងមោទនភាពផងដែរលើសមិទ្ធផលដែលខ្លួនសម្រេចបាននាពេលនេះ។ សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ បានកើតចេញពីការខិតខំជម្នះការលំបាក និងឆ្លងកាត់ឧបសគ្គជាច្រើនក្នុងនាមជាកូនអ្នកក្រមកពីទីជនបទនោះ។
អ្នកគ្រូបង្រៀនមុខវិជ្ជាជីវៈម្នាក់ទៀត គឺអ្នកគ្រូ គត់ ស្រីមួយ ក៏មានអារម្មណ៍រំភើបរីករាយមិនខុសពីលោកគ្រូ ចម្រើន នោះទេ។ ទម្រាំបញ្ចប់ការសិក្សាក្លាយជាគ្រូបង្រៀនអ្នកគ្រូ ជាកូនអ្នកស្រុកឆ្លូង ខេត្តក្រចេះ រូបនេះ ត្រូវចំណាយពេលរៀននៅមហាវិទ្យាល័យ ៤ឆ្នាំ និងរៀនគរុកុសល្យ១ឆ្នាំបន្ថែមទៀត។ ជាកូនអ្នកក្រមកពីដែនដីជនបទ និងជាកូនស្រីថែមទៀតនោះ អ្នកគ្រូ គត់ ស្រីមួយ ត្រូវហែលឆ្លងការលំបាកយ៉ាងក្រាស់ក្រែល។
ទាំងលោកគ្រូ យុង ចម្រើន និងអ្នកគ្រូ ស្រីមួយ សុទ្ធតែដឹងថា ការធ្វើជាគ្រូបង្រៀនមិនអាចធ្វើឱ្យជីវិតរបស់ពួកគាត់ក្លាយជាអ្នកមានស្តុកស្តម្ភ និងរុងរឿងដូចអ្នកប្រកបអាជីពដទៃនោះឡើយ។ តែលោកគ្រូ និងអ្នកគ្រូវ័យក្មេងទាំងពីររូបនេះ សុទ្ធតែបានបង្ហាញការពេញចិត្តពេញថ្លើមជាមួយអាជីពរបស់ខ្លួន ព្រោះថាអាជីពបានរួមចំណែកដ៏សំខាន់បណ្តុះចេញនូវធនធានមនុស្ស ទៅជ្រោងដល់ការអភិវឌ្ឍ និងរុញច្រានប្រទេសជាតិឱ្យរីកចម្រើន និងរុងរឿង។
តើលោកគ្រូ អ្នកគ្រូ វ័យក្មេងទាំងពីររូប មើលឃើញយ៉ាងណាចំពោះអាជីពជាគ្រូបង្រៀន សូមស្តាប់ការបញ្ជាក់របស់លោកគ្រូ និងអ្នកគ្រូ ក្នុងបទសម្ភាសន៍ជាមួយ Fresh News៖