(ភ្នំពេញ)៖ លោក Marle Allison នាយកប្រតិបត្ដិក្រុមហ៊ុន Lifestyle Vacation Bouds ដែលលក់កញ្ចប់សេវាកម្មវិស្សមកាលដ៏ធំនៅអូស្ដ្រាលី មានស្នាក់កណ្ដាលនៅអាមេរិក និងកាណាដា បានសម្រេចចិត្ដជ្រើសយកកម្ពុជា ធ្វើជាទីស្នាក់ការកណ្ដាល នៅក្នុងតំបន់អាស៊ី ដើម្បីបើកលក់កញ្ចប់សេវាវិស្សមកាលដ៏ធំរបស់ខ្លួន។
ការសម្រេចចិត្ដបោះទុនវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងស្របពេល ដែលសម្លឹងឃើញពីសក្ដានុពលសេដ្ឋកិច្ចនៅកម្ពុជា និងការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងមានតំបន់ទេសចរណ៍ស្រស់ស្អាតបែបធម្មជាតិជាច្រើន ជាពិសេសកោះប្រណីតៗ ដែលទៅអនាគតនឹងមានការវិនិយោគធ្វើជារីសត និងគម្រោងផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីក្រៅប្រទេសមកដើរកំសាន្ដនៅកម្ពុជាផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក Marle Allison ក្នុងឱកាសបើកសម្ពោធជាផ្លូវការ នូវស្នាក់កណ្ដាលរបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ។
លោក Marle Allison បានថ្លែងបន្ដថា «ខ្ញុំបានធ្វើដំណើរកំសាន្ដមកកម្ពុជា ជាញឹកញាប់ជាច្រើនឆ្នាំមកហើយ ក្នុងនោះខ្ញុំតែងតែសម្លឹងឃើញថា ប្រទេសមួយនេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជននៅទីនេះ មានជីវភាពធូរធារ រស់នៅយ៉ាងសុខុដុម ហើយមានឱកាសធ្វើដំណើរកំសាន្ដ នៅតាមប្រទេសល្បីៗជាច្រើនទៀតផង»។
លោក Marle Allison បន្តថា «ដើម្បីផ្ដល់ភាពចំណេញជូនប្រជាជនកម្ពុជា ទទួលបានដំណើរកំសាន្ដជុំវិញពិភពលោកដ៏ល្អឥតខ្ចោះជាលក្ខណៈគ្រួសារ ដៃគូការងារ ក្រុមហ៊ុន Lifestyle Vocation Bouds ដែលជាក្រុមហ៊ុនមួយធំ មានដៃគូសហការនៅតាមបណ្ដាសណ្ឋាគារជាង២លានទីតាំង ក្នុងប្រទេសល្បីៗនៅលើពិភពលោកចំនួន១៣០ប្រទេស លើសពីនោះ យើងមានដៃគូយន្ដហោះ អ៊ែរឡាញចំនួន៤៤០ ក្រុមហ៊ុនដឹកអ្នកដំណើរដោយរថយន្ដចំនួន៣៥ និងកប៉ាល់ដំណើរកំសាន្ដធំៗមួយចំនួនទៀត»។
នាយកប្រតិបត្ដិរូបនេះ បានលើកឡើងទៀតថា កញ្ចប់សេវាកម្មវិស្សមកាលរបស់ក្រុមហ៊ុនមានចំនួនពីរបែប ដែលអាចដើរលេងកំសាន្ដរយៈពេល១៥ឆ្នាំ និង២០ឆ្នាំតម្លៃត្រឹមតែពី ៦-៨ពាន់ដុល្លារប៉ុណ្ណោះ រាល់អតិថិជនដែលចូលជាសមាជិកនេះ អាចដើរលេងកំសាន្ដជុំវិញពិភពលោក គ្រប់ពេលដែលពួកគាត់ចង់ទៅពេញ១៥ឆ្នាំ ឬ២០ឆ្នាំ ក្នុងតម្លៃកញ្ចប់ ៦-៨ពាន់ដុល្លារនេះ។
ជាងនេះទៅទៀត ក្រុមហ៊ុននឹងផ្ដល់ជាកាត វីអាយភី សម្រាប់សម្រាកនៅព្រលានយន្ដហោះ ជាពិសេសសមាជិកគ្រប់រូប នឹងទទួលបាននូវការជួយសម្រួល ក្នុងការរៀបចំធ្វើសំបុត្រយន្ដហោះ, វីសា និងការស្នាក់នៅតាមតំបន់ទេសចរណ៍ដែលខ្លួនចង់ទៅផងដែរ។ លើសពីនោះ រាល់សមាជិកដែលទិញកញ្ចប់សេវាកម្មវិស្សមកាលនេះ ដើម្បីវិនិយោគ នឹងទទួលបានផលចំណេញជាច្រើនផងដែរ។
សូមជម្រាបផងដែរ ក្រុមហ៊ុនលក់កញ្ចប់សេវាកម្មវិស្សមកាលដ៏ធំនេះ មានវត្ដមាន១១ឆ្នាំហើយ នៅអូស្រ្ដាលី និងបានបើកស្នាក់កណ្ដាល រួមទាំងសាខាជាច្រើននៅតាមបណ្ដាប្រទេសល្បីៗនៅលើពិភពលោក ហើយគ្រោងនឹងបង្កើតសាខាផ្សេងទៀតនៅអាស៊ី ក្រៅពីកម្ពុជាផងដែរ៕