(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើន ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ។
ជាមួយនឹងទឹកមុខញញឹមរួសរាយរាក់ទាក់ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវភាពស្និទ្ធស្នាលគួរជាទីរីករាយចំពោះភ្ញៀវទេសចរ ខណៈសារស័ព្ទ Thank you very much (សូមអរគុណជាអនេក) ក៏បន្លឺឡើងតបត្រលប់មកលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាមកវិញ រីឯលោករដ្ឋមន្ត្រីក៏បានជូនពរឱ្យការស្នាក់របស់ភ្ញៀវទាំងនោះសូមប្រកបដោយរីករាយវិញដែរ។
ក្រោយការសម្ដែងនូវការស្វាគមន៍ និងសួរសុខទុក្ខនេះហើយ លោក ថោង ខុន បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ឆ្លើយតបនឹងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ភ្ញៀវទាំងអស់សុទ្ធមានការពេញចិត្តយ៉ាងខ្លាំង និងគោរពអរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ភ្ញៀវទាំងអស់បានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត»។
ព្រមជាមួយនោះ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងសណ្ឋាគារ សូមឱ្យយកចិត្តទុកដាក់ផ្តល់បដិសណ្ឋារកិច្ចឱ្យបានល្អបន្ថែមទៀតដល់ភ្ញៀវទាំងនោះ។
សូមជម្រាបថា ភ្ញៀវទេសចរបរទេស និងក្រុមនាវិកដែលចេញពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន ៥៩៨នាក់ ដែលនឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះ៕