(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រសិទ្ធនាមវគ្គ នាយទាហានទ័ពជើងគោកជំនាន់ទី ៨ ថាជាជំនាន់ «សាមគ្គីជ័យជម្នះកម្ពុជា-ចិន»។
ការប្រសិទ្ធរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដល់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៨ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញបញ្ចប់ការហ្វឹកហ្វឺននូវក្បួនច្បាប់យោធា និងចំណេះដឹងទូទៅ នៅឯវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាខេត្តកំពង់ស្ពឺ ចំនួន២២៧នាក់ ក្នុងនោះមាននិស្សិតជានារីចំនួន ៣៩នាក់ រួមទាំងបានចុះអនុវត្តជាក់ស្ដែង នៅលើទីលាននៃតំបន់វាលរាប តំបន់ភ្នំ និងការចុះដកពិសោធន៍ការងារតាមបណ្ដាកងឯកភាពរបស់កងយោធពលខេមរភូមិន្ទ នៅតាមតំបន់ព្រំដែន នឹងចេញទៅបន្តកម្មសិក្សាបន្ថែមនៅប្រទេសចិន រយៈពេល ៦ខែ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនពីសំណាក់យោធាចារ្យ សាស្ត្រាចារ្យក្នុងវិទ្យាស្ថាន និងការចូលរួមពីគ្រឹះស្ថាននានា ដល់នាយទាហានវ័យក្មេងជំនាន់ ក្រោយ ប្រកបដោយសមត្ថភាព គុណភាព ដែលអាចឱ្យនាយទាហានពេលចេញទៅបំពេញការងារតាមបណ្ដាកងឯកភាពកងយោធពលខេមរភូមិន នៅទូទាំងប្រទេស និងតំបន់ព្រំដែន អាចស្នងជំនួសនាយទាហានដែលមានវ័យចំណាស់ៗ អាចសម្រាកចូលនិវត្តន៍ពីការងារ ដែលហត់នឿយជាយូរមកហើយនោះ បានប្រកបដោយប្រសិទ្ធិភាព។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំឭកផងដែរ ដល់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៨ ទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ នឹងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ អស់មួយជីវិត។ ជាមួយគ្នានេះដែរ និស្សិតទាំងអស់ ក៏ត្រូវយកអស់ពីកម្លាំងកាយចិត្តគោរព និងការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ។
ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៨ទាំងអស់ ឱ្យខិតខំថែរក្សា នូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់វីរៈយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារឱ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។ ក្នុងន័យនេះដែរ នាយទាហានទាំងអស់ត្រូវចេះគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ សាមគ្គីឯកភាពផ្ទៃក្នុង ជាមួយមិត្តរួមជំនាន់ និងមិត្តរួមអាជីព រួមសុខ រួមទុក្ខ ជាមួយគ្នាគ្រប់កាលៈទេសៈទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ និងខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងប្រទេសជាតិប្រគល់ឱ្យបានសម្រេចជោគជ័យគ្រប់ពេលវេលា។
បើតាមឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថានទ័ពជើងគោក បានរាយការណ៍ឱ្យដឹងថា វិទ្យាស្ថានទ័ពជើងគោកបានទទួលបញ្ជាអោយធ្វើការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលនាយទាហានទ័ពជើងគោកជំនាន់ទី ៨ ដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានសិក្ខាកាមជានិស្សិតនាយទាហាន ចូលហ្វឹកហ្វឺនរៀនសូត្រចំនួន ២២៧នាក់ ក្នុងនោះមានស្ត្រី ៣៩នាក់ ដែលបានប្រឡងចូលជានាយទាហាន មកពីគ្រប់បណ្ដាខេត្ត យោធភូមិភាគ នៅទូទាំងប្រទេស និងបានរៀបចំកម្មវិធីហ្វឹកហ្វឺនដែលមានដូចជា៖
* ក្នុងឆ្នាំសិក្សាទី១ គឺក្នុងឆ្នាំ២០១៦ និស្សិតនាយទាហានទាំងអស់ ត្រូវបានគណៈគ្រប់គ្រងវិទ្យាស្ថានដាក់កម្មវិធីឱ្យ ហ្វឹកហ្វឺនយុទ្ធវិធីកម្រិតបុគ្គល ដល់កម្រិតនាយក្រុម។
* ក្នុងឆ្នាំទី២ គឺឆ្នាំ២០១៧ និស្សិតនាយទាហានទាំងអស់ ត្រូវហ្វឹកហ្វឺនចំណេះដឹងយោធា ថ្នាក់មូលដ្ឋាន និងចំណេះដឹងទូទៅ។
* រីឯឆ្នាំទី៣ គឺក្នុងឆ្នាំ២០១៨ វិទ្យាស្ថានបានតម្រូវឱ្យសិស្សហ្វឹកហ្វឺនយុទ្ធវិធីពីរកម្រិតមេបញ្ជាការកងអនុសេនាតូច កងអនុសេនាធំ នឹងបានសិក្សាស្វែងយល់មួយជំហានមុន អំពីមុខវិជ្ជាអន្តរាវុធ នៅក្នុងវិទ្យាស្ថាន រួមទាំងបានចុះទៅហ្វឹកហាត់ជំនាញលោតឆ័ត្រយោងប៉ារ៉ា ជំនាន់ទី២៧ នៅកងពលតូចទ័ពពិសេសឆត្រយោងលេខ ៩១១ផងដែរ។
* ដោយឡែកសម្រាប់ឆ្នាំទី៤ គឺឆ្នាំ២០១៩ ដែលជាឆ្នាំបញ្ចប់និស្សិតនាយទាហានទាំងអស់ ក៏ត្រូវបានវិទ្យាស្ថានទ័ពជើងគោក ដោយបានកិច្ចសហប្រតិបត្តិការល្អ ពីកងទ័ពរំដោះប្រជាជនចិន ក៏បានរៀបចំ ឱ្យនិស្សិតទាំងអស់ ចេញទៅហ្វឹកហ្វឺនជំនាញឯកទេសអន្តរាវុធ បន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៦ខែ និងចាត់ឱ្យមានកម្មវិធីចុះដកពិសោធន៍ អនុវត្តជាក់ស្ដែង នៅកងពលតូចអន្តរាគមន៍លេខ៩ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ ៣ ដែលមានរយៈពេល ៣២ថ្ងៃ ដើម្បីប្រមូលទិន្នន័យសម្រាប់សរសេរសារណា និងហ្វឹកហាត់សម្ដែង លំហាត់សំយោគអន្តរាវុធបញ្ចប់វគ្គសិក្សាតាមការគ្រោងទុករបស់វិទ្យាស្ថាន ហើយនឹងប្រារព្ធធ្វើពិធីបិទវគ្គសិក្សា នៅក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕