(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅថ្ងៃនេះអាចនឹងមានយន្ត៣គ្រឿង មកដឹកអ្នកដំណើរតាមនាវា Westerdam ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសផ្សេងៗដែលជាគោលដៅរបស់ពួកគេ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥឡូវនេះភ្ញៀវកំពុងនៅទីក្រុងភ្នំពេញនេះ ប្រមាណ៥០០នាក់ តាមព័ត៌មានគឺត្រូវដឹកដោយយន្តហោះ៧៧៧មួយគ្រឿង ដែលដាក់មនុស្សបានជាង៣០០នាក់ ចាកចេញពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃ នេះជាព័ត៌មានខាងនាវា ហើយនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីទីក្រុងភ្នំពេញទៅកាន់ជប៉ុន ហើយអាចនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសណាមួយក្នុងតំបន់របស់យើងនេះ»។
នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិកនាវាសរុប ២,២៥៧នាក់ ជាង៤០ជាតិសាសន៍ បានវិលវល់លើលំហរសមុទ្រ អស់រយៈពេល១២ថ្ងៃ ព្រោះតែប្រទេសជាច្រើនមិនឱ្យចូលចត ដោយសារតែខ្លាចមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ដើម្បីជួយសង្រ្គោះដល់អ្នកនៅលើនាវា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
បន្ទាប់ពីចូលចតរាល់អ្នកដំណើរក្នុងនាវាទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដោយមន្រ្តីសុខាភិបាល មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវាបន្តដំណើរទៅកាន់ ប្រទេសរបស់ពួកគេ។
គិតរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានអ្នកដំណើរតាមនាវា Westerdam ចំនួនជាង១ពាន់នាក់ហើយ ក្នុងចំណោមភ្ញៀវទេសចរជាង១៤០០នាក់ ដែលធ្វើដំណើរទេសចរណ៍ជាមួយនាវា Westerdam បានចាកចេញពីកម្ពុជា និងនៅសល់ប្រមាណ៤០០-៥០០នាក់ទៀត កំពុងស្នាក់នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីភាពយឺតយ៉ាវដែលមិនទាន់អាចឱ្យអ្នកទាំងនោះចាកចេញពីកម្ពុជាបាន។ សម្តេចថ្លែងថា ភាពយឺតយ៉ាវនេះមិនមែនមកពីអ្នកទាំងនេះមានជំងឺ ឬមកពីអ្នកទាំងនេះខ្វះការយកចិត្តទុកចិត្តដាក់ពីរាជរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែបញ្ហាស្ថិតនៅលើសំបុត្រយន្តហោះ។
សម្តេចបានរលឹកថា បើសិនកម្ពុជាមិនឱ្យនាវាយក្សនេះចូលចត តើរហូតមកដល់ពេលនេះ ជោគវាសនាមនុស្សនៅលើនាវានេះជាង២ពាន់នោះនឹងមានរឿងអ្វីកើតឡើង។ សម្តេចបញ្ជាក់ថា៖ «ខ្ញុំហៅថានេះជាវិបត្តិមនុស្សធម៌នៅលើនាវា Westerdam ព្រោះតែទៅកន្លែងនេះគេមិនឱ្យចូល ទៅកន្លែងនោះគេមិនឱ្យចូល ហើយស្បៀងនៅលើនាវាជិតអស់»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ថា បើកម្ពុជាមិនព្រមជួយ ហើយពេលមានបញ្ហានៅលើនាវា អាចមានការបោះចោលសាកសពទៅក្នុងសមុទ្រ។ តែការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន ដែលក្នុងនោះមានទាំងប្រទេសជាដៃគូ និងប្រទេសដទៃកោតសរសើរ និងអរគុណចំពោះភាពជាមនុស្សធម៌របស់កម្ពុជាផងដែរ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសអំពីការរកឃើញករណីជំងឺកូរ៉ូណាថ្មី នៅលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ ក្នុងចំណោមអ្នកទេសចរណ៍តាមនាវា Westerdam ១៤៥នាក់ ដែលហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ស្រ្តីជនជាតិអាមេរិកាំងនេះ មានអាយុ៨៣ឆ្នាំ ដែលធ្វើដំណើរជាមួយប្តីរបស់គាត់ ប៉ុន្តែប្តីរបស់គាត់ រួមទាំងអ្នកដំណើរផ្សេងទៀតមិនមានផ្ទុកជំងឺនេះទេ។
ពាក់ព័ន្ធនឹងរឿងនេះ សម្តេចបានបញ្ជាក់ថា កម្ពុជាមានការត្រួតពិនិត្យសុខភាពច្បាស់លាស់ ដោយវិទ្យាស្ថានប៉ាស្ទ័រ និងអង្គការសុខភាពពិភពលោក។ សម្តេចបានចោទសួរថា ករណីកើតឡើងនៅប្រទេសម៉ាឡេស៊ី តើប្រាកដហើយនៅ? ពេលនេះមនុស្សរាប់រយនាក់បានទៅដល់ប្រទេសរបស់គេហើយ អ្នកនៅកម្ពុជាក៏អត់មានកើតជំងឺកូរ៉ូណាថ្មីដែរ ហើយប្តីរបស់ស្រ្តីជនជាតិអាមេរិកាំងដែលមាន មេរោគកូរ៉ូណានោះ មិនបានឆ្លងឡើយ។ សម្តេចបានបន្ថែមថា វាជាបញ្ហាដែលអង្គការសុខភាពពិភពលោក សហការជាមួយម្ចាស់កប៉ាល់ និងក្រសួងសុខាភិបាល បន្តធ្វើការតទៅទៀត៕