(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការជក់ចិត្តខ្លាំងចំពោះអត្ថន័យកំណាព្យអប់រំពីគុណម៉ែឪរបស់លោកបណ្ឌិត «អ៊ូចុង»។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតជិត ២ពាន់នាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចជក់ចិត្តខ្លាំងចំពោះពាក្យកាព្យអប់រំពីរល្បះដែលមានន័យថា៖

១៖ ម៉ែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ
     ឪទារពិសា  កូនថាមុនលោក        ពុំបានបរិភោគ
                    គេឱ្យបាបផង។

២៖ នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរខុសឆ្គង
     បុណ្យមិនត្រកាល  វិសាលឡើងហោង  ព្រោះដើរកន្លង

                            ឱ្យម៉ែឪអត់។

ក្នុងពិធីចែកសញ្ញាបត្រនាព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកសៀវភៅអប់រំរបស់លោកបណ្ឌិត «អ៊ូចុង» និងបណ្តាំ «ក្រុមង៉ុយ» ចែកជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទើបបញ្ចប់ការសិក្សាផងដែរ។

សៀវបណ្តាំ «ក្រុមង៉ុយ» និងច្បាប់អប់រំទូន្មានរបស់លោកបណ្ឌិត «អ៊ូចុង» ត្រូវបានរៀបចំចងក្រងជាថ្មីដោយលោក ពុយ គា អ្នកព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា។ សៀវភៅនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ការបោះពុម្ព។

សម្តេចតេជោ ហ៊ុន សែន តែងបានយកសៀវភៅនេះចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត។ ក្រៅពីនោះរាល់ពេលធ្វើដំណើរចេញទៅក្រៅប្រទេសសម្តេចតែងយកទៅចែកដល់ប្រជាពលរដ្ឋ ឬនិស្សិតរស់នៅក្រៅប្រទេសផងដែរ។

បណ្តាំ «ក្រុមង៉ុយ» និងច្បាប់អប់រំទូន្មានរបស់បណ្ឌិត «អ៊ូចុង» ជាការអប់រំទូន្មានដ៏មានគុណតម្លៃមួយសម្រាប់ញ៉ាំងឱ្យជីវិតរស់នៅក្នុងសង្គមឱ្យមានសីលធម៌ ចរិយាធម៌ល្អ ជាពិសេសចេះគោរពដឹងគុណរបស់ម៉ែឪ៕