(ថៃ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងធនាគារ Siam Commercial Bank (SCB) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដាក់ឲ្យដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដែលជាមធ្យោបាយសម្រួល ដល់ការទូទាត់ដោយប្រើរូបិយវត្ថុក្នុងស្រុក រវាងកម្ពុជានិងថៃ។
សាធារណជនអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយវត្ថុផ្ទាល់ខ្លួន តាមរយៈការស្កេន QR កូដ។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយវត្ថុ នៃប្រទេសទាំងពីរផងដែរ។
ប្រជាជនកម្ពុជា ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃ ដែលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR ដោយមិនចាំបាច់ យកសាច់ប្រាក់តាមខ្លូន ឬប្តូរប្រាក់ពីរូបិយវត្ថុជាតិយើង ទៅរូបិយប័ណ្ណបរទេស។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ធនាគារជាតិ នៃកម្ពុជា បានជ្រើសរើសធនាគារនៅកម្ពុជាចំនួន៣ រួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់ តាមរយៈប្រព័ន្ធ QR ឆ្លងដែន»។
លោកបន្ដថា ជាមួយនឹងការត្រៀមខ្លួន រួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើស ដើម្បីសហការគ្នា គាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់ នៅក្នុងកម្ពុជា តាមរយៈ QR កូដ កម្ពុជា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់នៅក្នុងប្រទេសថៃ តាមរយៈ QR កូដ ថៃ។
លើសពីនេះទៅទៀត ប្រទេសថៃ គឺជាទិសដៅទេសចរណ៍មួយ ដ៏ទាក់ទាញបំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារ ពាណិជ្ជកម្មធំបំផុតនៅថៃ នឹងជំរុញឲ្យបណ្តាញទូទាត់ QR ឆ្លងដែន របស់យើងកាន់តែធំទូលាយ។ ការរួមបញ្ចូលនៃបច្ចេកវិទ្យា របស់ធនាគារនាំមុខផ្នែកឌីជីថល ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើង នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកដំណើរក្នុងតំបន់។
ជាមួយគ្នានេះដែរ លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាពនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូទាត់ឆ្លងដែនរវាង កម្ពុជា និងថៃ ដោយផ្អែកលើដៃគូ ជាមួយស្ថាប័នក្នុងស្រុក នៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារកម្ពុជាពាណិជ្ជ»។
លោកថា ការទូទាត់អន្តរប្រតិបត្តិការ តាមរយៈប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយម សម្រាប់ភ្ញៀវទេសចរថៃ ធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ នៅក្នុងប្រទេសថៃ មានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង ៤៧លាននាក់ ដោយក្នុងនោះ ធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង១០លាននាក់ ក្នុងឆ្នាំ ២០១៩។
លោក Sarut Ruttanaporn បានគូសបញ្ជាក់ទៀតថា ការទូទាត់សំណងអន្តរប្រតិបត្តិការ តាមប្រព័ន្ធ QR នឹងផ្តល់នូវបទពិសោធន៍ កាន់តែប្រសើរ ដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់កម្ពុជា នៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ៕