(ត្បូងឃ្មុំ)៖ លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សប្រចាំឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រាប់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពល និងចូលរួមកសាងប្រទេសជាតិយើងឲ្យមានការរីកចំរើនលូតលាស់ទៅមុខជាលំដាប់។
លោករដ្ឋលេខាធិការ បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ធជាង ៣០០នាក់ ក្នុងពិធីអបអរសាទរសមិទ្ធិផលថ្មី គឺសាលារៀនមួយខ្នង ដែលជាជំនួយរបស់សប្បុរជនមកពីប្រទេសម៉ាឡេស៊ីដែលមាន ៥បន្ទប់សិក្សា និងសាលប្រជុំមួយ នៅភូមិព្រែកក្រូច ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែកុម្ភៈនេះ ។
ស្ថិតនៅក្នុងឱកាសនេះដែរ លោកហាប់ អូម៉ាលី បានលើកឡើងថា «អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិយើងឲ្យមានសេចក្ដីសុខ សុខសន្តិភាព ស្ថេរភាព មានការរីកចំរើនស្ទើរគ្រប់វិស័យ ពលរដ្ឋមានជីវភាពធូរធាឡើងៗ ហើយពិសេសបានបើកឱកាសទូលាយដល់បណ្ដាសាសនិកទាំងអស់ អាចប្រតិបត្តិសាសនារបស់ខ្លួនយ៉ាងពេញសិទ្ធិ តួយ៉ាងសាសនាឥស្លាមកម្ពុជា មានសិទ្ធិទូលំទូលាយ ដែលអាចប្រតិបត្តិបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
លោកក៏បានពន្យល់ពលរដ្ឋខ្មែរឥស្លាមផងដែរថា ត្រូវមានអារម្មណ៍នឹងហ្នកុំភ័យខ្លាចជាមួយការបំភិតបំភ័យរបស់ជនអគតិមួយចំនួនរឿងបញ្ហាជម្ងឺ COVIN-19 ឬ កូរ៉ូណា និងការបាត់បង់ខ្លះខាង EBA ខណៈលោកបានសំណូមពរឲ្យប្រជាជនទាំងអស់ជឿជាក់លើសមត្ថភាពរបស់រដ្ធាភិបាលកម្ពុជាក្នុងការការពារ និងទប់ស្កាត់ និងជម្ងឺនេះ។
លោករដ្ឋលេខាធិការ ក៏បានបានសំណូមពរឲ្យប្រជាពលរដ្ធចេះថែរក្សា ការពារសុខភាពផ្ទាល់ខ្លួនផងដែត ដោយរក្សាអនាម័យ សំអាតខ្លួន ដៃជើង មុននឹងបរិភោគអាហារ បន្ទោរបង់ក្នុងបង្គន់ ផឹកទឹកដែលមានសុវត្ថិភាព។ ចំពោះបញ្ហាពាក់ពន្ធ័នឹង EBA វិញ លោកបានបញ្ជាក់ថា វាមិនប៉ះពាល់ខ្លាំងក្លាដល់សេដ្ធកិច្ចកម្ពុជានោះទេ កម្ពុជាធ្លាប់រងការលំបាកច្រើនពេកហើយ តែកម្ពុជាអាចរស់បាន និងអភិវឌ្ឍន៍បន្ថែមទៀត៕