(កណ្តាល)៖ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ គ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia (FPCS) របស់អគ្គនាយកអន្តោប្រវេសន៍ ប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមាន ជនបរទេសនៅកម្ពុជា នៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អនុប្រធាននាយកដ្ឋាន ស្នងការរងទទួលការងារអន្តោប្រវេសន៍ លោកអធិការ-អធិការរង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីសរុបចំនួន ២៤៥នាក់ មាន ១២៩ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំង១១ក្រុង-ស្រុក។
នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ុក ហៃសីឡា បានស្នើឲ្យស្នងការដ្ឋាន ត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ និងពន្យល់ណែនាំអំពីគុណសម្បត្តិ និងគុណវិត្ត នៃការប្រើប្រាស់ប្រព័ន្ធនេះផងដែរ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានណែនាំដល់លោកស្នងការង លោកអធិការ -អធិការរង ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំង ១២៩ប៉ុស្តិ៍រដ្ឋបាលនគរបាលត្រូវយកចិត្តទុកដាក់យល់ច្បាស់អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែនាំបង្រៀនបន្តដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ។
បន្ទាប់មកទៀត ក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធ FPCS បានធ្វើបទបង្ហាញបន្ថែមទៀតអំរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCSផងដែរ។
គួរជម្រាបថា គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានអន្តោប្រវេសសន្ត ឬមិនមែនអន្តោប្រវេសសន្ត តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយគ្រប់គ្រងជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។
កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងសណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបបនេះ នៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូលមកប្រទេសយើង គឺវាមានការពិបាកក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។
ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស បានទាន់ពេលផងដែរ៕