(ភ្នំពេញ)៖ មុខសញ្ញាក្រុមចោរកាច់-ក ម៉ូតូ ០៤នាក់ ដែលធ្វើសកម្មភាពលួចកាច់-ក យកម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ 1BC-1267 បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០៖៣០នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩៖៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាជនរងគ្រោះដែលត្រូវបានក្រុមចោរខាងលើកាច់-ក ម៉ូតូយកទៅបាត់។
ក្រុមចោរកាច់-ក ម៉ូតូ ទាំង០៤នាក់ ដែលធ្វើសកម្មភាពល្មើសខាងលើមាន៖
១៖ ឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ
២៖ ឈ្មោះ សេន សាគី ហៅ ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ
៣៖ ឈ្មោះ អ៊ី ណាវី ភេទប្រុស អាយុ ២៣ឆ្នាំ
៤៖ ឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពលួចកាច់-ក ម៉ូតូ ខាងលើ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃរយៈពេលមួយឆ្នាំមកហើយ។ ក្រោយពេលប្រើប្រាស់គ្រឿងញៀនហើយ ពួកគេ តែងតែឆ្លៀតឱកាសចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់-ក ម៉ូតូ, លួចទូរស័ព្ទដៃ និងសម្ភារៈមានតម្លៃ ដែលម្ចាស់ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើនលើកមកហើយដែរ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនក្រុមជនសង្ស័យទាំង ០៤នាក់ខាងលើ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕