(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងចង់រៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរតាមនាវា Westerdam ដើម្បីបង្ហាញបេះដូងមនុស្សធម៌របស់កម្ពុជា។ នេះបើតាមការប្រកាសតាម Facebook សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីព្រកមិញថ្ងៃទី១៧ ខែកុម្ភៈ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឱ្យចតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើទេសចរណ៍មួយចំនួន ដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា) នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកទេសចរចំនួន៥០០នាក់បានមកស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះ ចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ឱ្យ សាលាក្រុងភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្ត ដឹកអ្នកទេសចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានទស្សនារាជធានីភ្នំពេញ ដែលល្អប្រសើរជាងទុកពួកគេឱ្យរស់នៅតែក្នុងបន្ទប់សណ្ឋាគារពោរពេញដោយ អារម្មណ៍តប់ប្រម៉ល់ភ័យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយនៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀត។
ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេចតេជោក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយ ដែលមានពលរដ្ឋរបស់ខ្លួនកំពុងជាប់នៅកម្ពុជា ក្នុងនាវាទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗដើម្បីជួយពលរដ្ឋខ្លួនឱ្យឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
ពិតណាស់ ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណាស់ថា បើសាមីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ៕