(ភ្នំពេញ)៖ អ្នកស្រី ប៉ោ សុគន្ធ ម្ចាស់សិប្បកម្ម វឌ្ឍនៈ ផលិតគ្រឿងក្រអូប បានបង្ហើបពីគោលដៅចម្បង នៃការបង្កើតសិប្បកម្មផលិតគ្រឿងក្រអូបក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយនាំចូល និងបង្កើតការងារជូនយុវជនផងដែរ។
ការសម្រេចចិត្តបង្កើតសិប្បកម្មដោយខ្លួនឯងនេះ អ្នកស្រីបានឲ្យដឹងថា ធ្វើឡើងបន្ទាប់ពីខឹងនឹងខ្លួនឯង ដែលមិនបានទទួលបានចំណេះដឹងអ្វីសោះពីការនាំចូលនេះ ដូច្នេះសម្រេចចិត្តរៀនសូត្រការពីការផលិត ឈានដល់បើកសិប្បកម្មដោយខ្លួនឯង។
ថ្លែងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ លោកស្រី ប៉ោ សុគន្ធ បានថ្លែងឲ្យដឹងថា «អស់រយៈពេល៥ឆ្នាំមកហើយដែលនាងខ្ញុំ នាំចូលផលិតផលគ្រឿងក្រអូបពីបរទេស ប៉ុន្ដែនៅពេលថ្មីៗខាងមុខនេះ នាងខ្ញុំបានសម្រេចិត្ត បើកសិប្បកម្មផលិតគ្រឿងក្រអូបដោយខ្លួនឯង។ សិប្បកម្មក្នុងស្រុកនេះ បង្កើតឡើងដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងជួយឲ្យកូនខ្មែរមានការងារធ្វើ និងចេះចំណេះជំនាញដោយខ្លួនឯង»។
អ្នកស្រីបន្ដថា «ការបើកសិប្បកម្មវឌ្ឍនៈនេះ នាងខ្ញុំបានទិញរូបមន្ដមកពីក្រៅប្រទេស នាំវត្ថុធាតុដើមចូលមក និងផលិតជាសាប៊ូដុសខ្លួន, ដុសមុខ និងជាប្រភេទសាប៊ូទឹក ព្រមទាំងសាប៊ូកក់សក់ ហើយគ្រប់សាប៊ូទាំងអស់ សុទ្ធសឹងតែមានគុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលពីបរទេសឡើយ។ នេះជាការរួមចំណែក ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក, មានម៉ាកផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក»។
អ្នកស្រី ប៉ោ សុគន្ធ បានថ្លែងថា សិប្បកម្មនេះទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយបាននាំគ្នាជាវយកទៅប្រើប្រាស់ និងជាវយកទៅលក់បន្ដបន្ទាប់ពីឃើញថា គុណភាពនៃផលិតផលក្នុងស្រុក មានភាពល្អប្រសើរ មិនចាញផលិតផលនាំចូលឡើយ។
អ្នកស្រី ប៉ោ សុគន្ធ បញ្ជាក់ថា «ចំពោះការសម្រេចចិត្ត បើកសិប្បកម្មវឌ្ឍនៈផលិតគ្រឿងក្រអូប ដើម្បីឲ្យខ្មែរយើងស្គាល់ថា នៅកម្ពុជាក៏មានរោងចក្រ និងមានម៉ាកជារបស់ខ្លួន ដោយមិនចាំបាច់ទិញម៉ាកពីប្រទេសទៀតទេ និងដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ ហើយចំណែកឯផលិតផលវិញ ក៏មានគុណភាពមិនអន់ដែរ ព្រោះរូបមន្ដត្រូវបានផ្សំឡើង ដោយមានការសិក្សាច្បាស់លាស់ផងដែរ»។
អ្នកស្រីឲ្យដឹងថា លោកស្រីមានការបារម្ភខ្លះៗ មុនពេលសម្រេចបើកអាជីវកម្មនេះ តែការបារម្ភទាំងនោះក៏ត្រូវបានជម្នះ និងមិនភ័យខ្លាចដោយមានជំនឿលើប្រជាពលរដ្ឋខ្មែរ ដោយក្នុងនោះពលរដ្ឋប្រមាណ២០-៣០ភាគរយ បានគាំទ្រនូវផលិតផលក្នុងស្រុក។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏យើងនៅតែជួបបញ្ហាប្រឈម ព្រោះប្រជាពលរដ្ឋខ្មែរ មិនសូវចាប់អារម្មណ៍ផលិតផលខ្មែរ។
អ្នកស្រីបន្ដថា «ប្រសិនបើប្រជាពលរដ្ឋនាំគ្នាគាំទ្រផលិតផលក្នុងស្រុកនោះ ប្រទេសយើងនឹងមានការរីកចម្រើន, ជួយឲ្យពលរដ្ឋមានការងារធ្វើ, កាត់បន្ថយការចំណាក់ស្រុក និងជួយលើកស្ទួយសេដ្ឋកិច្ច និងមុខមាត់ប្រទេសកម្ពុជា»៕