(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាពលោកកិត្តិនីតិកោលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរំលេចឡើងនូវសមិទ្ធផលសំខាន់ៗគួរកត់សំគាល់ និងបានបញ្ជាក់ថា ស្ថិតក្នុងរបត់មួយ នៃការកែទម្រង់ស្ថាប័នឲ្យស្របទៅនឹងបរិបថសកលគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងថ្មី លើមូលដ្ឋាននៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបច្ចុប្បន្ន គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យដ៏ទូលំទូលាយ និងយូរអង្វែង សម្រាប់គំនិតផ្តួចផ្តើមនៃការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបកគំហើញ ដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយ ក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត។
ជាមួយនឹងការទទួលយកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធថ្មីរបស់ក្រសួងនៅពេលនេះ, លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាដែលជាអ្នកទទួលបន្ទុកអនុវត្ត បានប្រាកដក្នុងចិត្តថា នេះជាវិញ្ញាសាថ្មីមួយទៀតដែលត្រូវរែកពុន ពុះពារ ដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងរបត់ថ្មី។ ម៉្យាងវិញទៀតនេះ ក៏ជាបន្ទុកទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន ដែលទាមទារឱ្យមន្ត្រីយើងខ្ញុំ កៀកស្មាគ្នា ឯកភាពគ្នា ប្រកបដោយឆន្ទៈមុតស្រួច និងមានមនសិកាវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងការជឿទុកចិត្តពីស្ថាប័ននីតិបញ្ញត្តិ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា ឆ្នាំ២០១៩ កន្លងទៅ គឺជារយៈពេលជាងមួយឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ មានការងារកំណែទម្រង់ជាច្រើន ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេស ការបន្តអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធបៀវត្ស។ល។
លោកកិត្តិសេដ្ឋាបណ្ឌិត បានឆ្លៀតយកវេទិកានេះរាយការណ៍ជូន អង្គសន្និបាតទាំងមូល នូវចំណុចគោលៗមួយចំនួន អំពីវឌ្ឍនភាពនៃលទ្ធផលបំពេញភារកិច្ចតាមវិស័យជំនាញ មានដូចជា ៖១- វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ២- វិស័យទឹកស្អាត ៣- ការអភិវឌ្ឍវិស័យស្តង់ដារ ៤- ការងារមាត្រាសាស្ត្រ ៥- ការគ្រប់គ្រង ដឹកនាំស្ថាប័ន និងអភិបាលកិច្ចជាដើម។
ថ្លែងបើកអង្គសន្និបាត លោកកិត្តិនីតិកោលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហោឡារឹកនេះ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងថ្លែងនូវការអរគុណពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងគ្រប់ផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមបំពេញភារកិច្ច កាតព្វកិច្ចតាមមុខសញ្ញារៀងៗខ្លួន ធ្វើឱ្យរាជរដ្ឋាភិបាលកាន់តែពង្រឹងបានឧត្តមភាព និងសម្រេចជោគជ័យ បាននូវសូចនាករសំខាន់ៗ នៃយុទ្ធសាស្តចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦នេះ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មសម្រេចបានរយៈពេលមួយឆ្នាំកន្លងមក ជាសមិទ្ធផលរួម ក្នុងស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់។
បន្ទាប់ពីបានផ្តល់នូវអនុសាសន៍ដ៏សំខាន់ៗដល់អង្គសន្និបាតទាំងមូល លោកកិត្តិនីតិកោលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ទោះបីក្រសួងឧស្សាហកម្ម និងសិប្បកម្មទទួលយកនូវការកែទម្រង់រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងក្នុងរបត់ថ្មីក៏ពិតមែន ប៉ុន្តែក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងសំណុំឆន្ទៈជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ, ក្រសួងនេះ នឹងនៅតែបំពេញបានល្អតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ហើយឆ្លើយតបបានទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បី «កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព» និងអភិវឌ្ឍន៍ជាតិ មាតុភូមិ និងប្រជាជនយើងប្រកបដោយវិបុលភាព និងសុខសន្តិភាព៕