(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់។
បើតាមលោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានឱ្យដឹងថា ការចែកសញ្ញាបត្រនៅថ្ងៃស្អែកនេះ ជាការប្រគល់សញ្ញាបត្រលើកទី២២ហើយ។ រាល់ការចែកសញ្ញាបត្រនេះ តែងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីពីសម្តេចតេជោ ហ៊ុន សែន។
លោក សៀង សុវណ្ណា បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបានប្រមាណ ២២,៣៦២នាក់ នារី ៦,៨៦៦នាក់។
វិទ្យាស្ថានជាតិអប់រំ គឺជាកន្លែងបណ្តុះបណ្តាលមន្ត្រីអប់រំ និងគ្រូ ដ៏សំខាន់មួយសម្រាប់កម្ពុជា។ គរុសិស្ស និស្សិត មន្ត្រីអប់រំ ដែលបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏ចាំបាច់ សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានបុគ្គលិកអប់រំសរុប ១២១,៦៨០នាក់ នារី ៥៦,១៦៣នាក់។ ក្នុងនោះមន្ត្រីជាអ្នកបង្រៀនមានចំនួន ៩៣,៧០៣នាក់ ស្រី ៤៨,៨១០នាក់៕