(កណ្ដាល)៖ នាយករងការិយាល័យចរាចរណ៍ខេត្តកណ្ដាល លោក នួន វៃ ព្រមទាំងអ្នកនាង វន សុជាតា មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាល បានបដិសេធការលេចលឺព័ត៌មានថា ពួកគេសាហាយស្មាន់នឹងគ្នា។ ពួកគេបានបដិសេធថា នេះមិនមែនការពិតនោះឡើយ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
លោក នួន វៃ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១៧ ខែកុម្ភៈនេះ ថា «ដំណើររឿងដំបូងនៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ម៉ោងប្រមាណជាង៦ ឈ្មោះ វន សុជាតា ដែលជាកូនចៅ បានស្នើសុំជំនួយតាមទូរស័ព្ទដោយសុំឲ្យគាត់ជួយទិញម្ហូបអាហារឲ្យខ្លួនទទួលទាន ព្រោះអ្នកនាងសុជាតា មិនស្រួលខ្លួន ខណៈនាងកំពុងស្ថិតនៅក្នុងផ្ទះសំណាក់តែម្នាក់ឯង ព្រោះនាងឈ្លោះ ជាមួយប្ដី ដោយប្ដឹងលែងលះគ្នា ហើយមិនអាចទៅនៅផ្ទះបាន មានតែជួលផ្ទះសំណាក់សំរាកមួយរយៈសិន។ បន្ទាប់មកគាត់បដិសេធការសុំនេះ ព្រោះគិតថាមិនសាកសម។ ប៉ុន្តែ ដោយសារតែការអង្វរករ និងអានិតកូនចៅផងនោះលោក នួន វៃ ក៏បានទិញបបរ ហើយយកទៅឲ្យកូនចៅនៅផ្ទះសំណាក់។ ភ្លាមនោះ បុរសជាប្ដីរបស់កូនចៅខ្លួន ដែលកំពុងប្រពន្ធប្ដឹងលែងលះនោះ បានមកទាន់ដោយចៃដន្យ ហើយក៏មានចិត្តប្រចណ្ឌ ចោទប្រកាន់ថា អ្នកទាំង២ សាហាយស្មន់ជាមួយគ្នាតែម្ដងទៅ»។
ទន្ទឹមនឹងការបកស្រាយនេះ អ្នកនាង វន សុជាតា បានបដិសេធផងដែរថា គាត់មិនមានពាក់ព័ន្ធស៊ីជម្រៅអ្វីជាមួយមេខ្លួននោះទេ គ្រាន់តែល្ងាចថ្ងៃនោះ គាត់មិនស្រួលខ្លួន ហើយមិនដឹងពឹងអ្នកណា មានតែសុំពឹងមេឲ្យជួយទិញអាហារឲ្យខ្លួនញ៉ាំ ប៉ុន្តែមិននឹកស្មានថា មានករណីចៃដន្យ ត្រូវគេចោទប្រកាន់ខុសការពិតដូច្នេះឡើយ។
អ្នកនាងថា គាត់ (ប្ដី) តែងតែប្រចណ្ឌគេឯងស្ទើរគ្រប់គ្នា សូម្បីតែមេកើយ ក៏គាត់ប្រចណ្ឌខុសទំនងដែរ រហូតដល់ថ្នាក់កើតរឿងរ៉ាវប្ដឹងថែមទៀតផង ខណៈការប្ដឹងនេះពិតជាខុសទំនង និងផ្ទុយពីការចោទប្រកាន់។
អ្នកនាងបន្តថា ខ្លួនមានបញ្ហាមិនចុះសម្រុងនឹងប្ដី ហើយក៏បានប្ដឹងលែងលះគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ នៅឯភូមិ-ឃុំ ប៉ុន្តែដោយសារគ្មានប្រសិទ្ធភាព ទើបមកដល់ឆ្នាំ២០២០នេះ អ្នកនាងក៏ដាក់ ពាក្យប្ដឹងលែងលះម្ដងទៀតដល់តុលាការខេត្តកណ្ដាលតែម្ដង ដោយសារតែមិនអាចទ្រាំទង្វើរបស់ប្ដីខ្លួនបានតទៅទៀត ខណៈអ្នកទាំង២ ពុំមានអេតាស៊ីវិលនោះឡើយ។
អ្នកនាងបកស្រាយពីមូលហេតុដែលខ្លួន ទៅសំរាកនៅផ្ទះសំណាក់ ព្រោះថា អ្នកនាងការពារកុំឲ្យកើតមានអំពើហិង្សាលើអ្នកនាងហើយណាមួយអ្នកផ្ទះ និងគ្រួសារ តែងតែដាក់សម្ពាធ មកលើអ្នកនាងខ្លាំងពេក ដែលជាហេតុនាំឲ្យអ្នកនាង សម្រេចចិត្តត្រូវជួលផ្ទះសំណាក់សំរាកបណ្ដោះអាសន្តសិន ទំរាំរកបានផ្ទះជួលឬបន្ទប់ជួលនាពេលក្រោយ។
ចំពោះករណីយល់ច្រឡំនេះ លោក នួន វៃ ព្រមទាំងអ្នកនាង វន សុជាតា ស្នើដល់មហាជនកុំយល់ច្រឡំថា អ្នកទាំង២ មានទំនាក់ទំនងគ្នាខុសផ្លូវ ដោយស្នើឲ្យបងប្អូនពិចារណាទាំងអស់គ្នា ក្នុងនាមជាអ្នកដែលមានចំណេះដឹង ចេះគិតពិចារណា បែងចែកខុសត្រូវច្បាស់លាស់ ព្រោះធម្មតាមេ និងកូនចៅ ធ្វើការជាមួយគ្នាជាធម្មតា គ្មានទំនាក់ទំនងអ្វីឲ្យលើសពីបន្ទាត់ការងារនោះទេ ហើយណាមួយបុរសជាប្ដីនោះ មានចិត្តប្រចណ្ឌខ្លាំងជ្រុលណាមួយប្រពន្ធ ក៏ប្ដឹងសុំលែងលះទៀតផង ព្រោះតែរស់នៅជាមួយគ្នាមិនមានសុភមង្គល។
គួរជម្រាបថា ករណីផ្ទះរឿងរ៉ាវនេះ បានកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ នៅឯផ្ទះសំណាក់មួយក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈបុរសជាប្ដីជាមន្ត្រីនគរបាលផ្នែក អន្តរាគន៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ប្ដឹងចោទថា ជាករណីសាហាយស្មន់គ្នា ហើយអ្នកទាំង២ បានបដិសេធ មិនមែនការពិតនោះឡើយ ខណៈនេះជាការយល់ច្រលុំប៉ុណ្ណោះ៕