(កណ្ដាល)៖ ស្រុកចំនួន៤ នៃខេត្តកណ្ដាលរួមមាន៖ ស្រុកស្អាង, ស្រុកមុខកំពូល, ស្រុកពញាឮ និងស្រុកខ្សាច់កណ្ដាល ត្រូវបានលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លើកឡើងថា នឹងប្រែក្លាយឲ្យទៅជាការតំបន់ដែលមានការអភិវឌ្ឍន៍ ផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ពន្ធជាសំខាន់ ដោយកែប្រែពីផ្លូវកំទេចថ្ម ផ្លូវដីស ផ្លូវគ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូDBST។
លោកស្រីលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់កំណត់តំបន់ប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជកម្ម កសិកម្ម (SAAMBAT) ខេត្តកណ្តាល ដែលមានវត្តមានលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមានការចូលរួមផងដែរពីមន្រ្តីគម្រោងអេម (AIMS)មកពីមន្ទីរពាណិជ្ជកម្ម មន្រ្តីគម្រោង អាស្ប៉ាយ(Aspire) មកពីមន្ទីរកសិកម្ម និងមន្រ្តីគម្រោងសម្បត្តិ(SAAMBAT)។
លោកស្រី ជី ថាវី បានឱ្យដឹងថាទៀតថា ការកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងនោះ៖
*ស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ
*ស្រុកមុខកំពូល ទទួលបាន ២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ
*ស្រុកស្អាង ទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ
*ស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។
លោក តាំង ម៉េងលាន បានលើកឡើថា គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ពន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជកម្មនីយកម្មកសិកម្ម (SAAMBAT) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលរងខេត្ត បានស្នើដល់ក្រុមការងារ ត្រូវធ្វើការសិក្សាគម្រោងឱ្យបានល្អ ហើយត្រូវគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តទៅលើគម្រោងណាដែលមានអាទិភាព និងមានផ្លូវវែងមុន ព្រោះថា ផ្លូវនេះមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាផ្ទាល់ប្រើប្រាស់នោះទេ តែសម្រាប់ប្រជាពលរដ្ឋដែលមកពីស្រុកផ្សេង និងខេត្តផ្សេងផងដែរ៕