(ភ្នំពេញ)៖ អគ្គិសនីកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅវេលាម៉ោង១៣៖២៧នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F6B) ដោយមូលហេតុមានម៉ាស៊ីន Compress របស់ក្រុមហ៊ុន Phnom Penh Precast Plants សង្កត់ដែកបុកចូលដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដីដែលបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅមហាវិថីព្រះនរោត្តម និងមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤៖៤នាទីរសៀលថ្ងៃដដែល។
អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ព្រោះអាចបណ្ដាលឲ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕