(កណ្ដាល)៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដី របស់ខ្លួនឱ្យបានច្បាស់លាស់ ចៀសចៀសវាងខុសកម្មសិទ្ធិរួមជារបស់ប្តីរបស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះថ្ងៃ ខែ ឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឱ្យមន្ត្រីជំនាញ ធ្វើការកែសម្រួលឡើងវិញឱ្យបានត្រឹមត្រូវ មានមានតម្លាភាព និងពន្លឿនដល់ការចេញបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានក្បាលដីចំនួន ៧៦៣ក្បាលដី។
លោក ទៀង កុស្សារៈ បានបញ្ជាក់ថានេះ ជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះ ទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ។
ថ្លែងក្នុងពិធីនោះដែរ លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ការចុះបញ្ជីដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរនៃកសរចេញបណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់។
ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលស្រុកបាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការ ឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕