(ភ្នំពេញ)៖ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះលក់ពូក គ្រឿងសង្ហារឹម និងម៉ូតូចំនួន ៤ល្វែង នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ បានធ្វើឲ្យទំហំ នៃការខូចខាតរហូតដល់ជាង ៥០ម៉ឺនដុល្លារ។
លោក ហ៊ ម៉េងហៀប អាយុ៣៨ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ផ្ទះ១ល្វែង រួមទាំងគ្រឿងសង្ហាររឹមទំនើបៗ និងពូកព្រមទាំង ទ្រព្យសម្បត្តិលុយកាក់សរុបចំនួន ២៤ម៉ឺនដុល្លារ ទៅ២៥ម៉ឺនដុល្លារ ត្រូវបានបាត់បង់។
ដោយឡែកម្ចាស់ផ្ទះទី២ លោក ជួន ទិត្យ ហៅជាង អ៊ួយ អាយុ៣៦ឆ្នាំ ក៏បានប្រាប់ថា ឆេះខូចខាតផ្ទះ១ល្វែង ម៉ូតូធំចំនួន ២៥គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត សរុបជាទឹកប្រាក់ចំនួន ៩៥,០០០ដុល្លារ និងម្ចាស់ផ្ទះទី៣លោក សួស កុសល អាយុ៣៩ឆ្នាំ ឆេះខូចខាតផ្ទះ ២ល្វែង ម៉ូតូតូច ៧៧គ្រឿង ឯម៉ូតូចំនួន ៩គ្រឿងទៀត អាចនៅកែកុនប្រើប្រាស់បាន ហើយសរុបការខូចខាត ទាំងស្រុងចំនួន ២២ម៉ឺនដុល្លារ ។
ពួកគាត់បាននិយាយថា គ្រោះអគ្គិភ័យនេះ ផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើងនៅលើបង្គោលក្បែរនោះ ហើយបានឆេះឆ្លងចូលក្នុងផ្ទះពួកគាត់ជាបន្តបន្ទាប់យ៉ាងលឿន ដែលមិនអាចពន្លត់ ទាន់ឡើយ ទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ។ ខណៈនោះពួកគាត់ក៏មិនអាចយកទ្រព្យសម្បត្តិចេញពីក្នុងផ្ទះទាន់ពេលនោះទេ ព្រោះភ្លើងឆេះខ្លាំងម្នាក់បានត្រឹមតែរត់ចេញពីអណ្ដាតភ្លើង ទាំងការភ័យខ្លាចប៉ុណ្ណោះ។
ដោយឡែក ម្ចាស់ផ្ទះលក់ម៉ូតូ បានយំហើយនិយាយថា ពេលនេះសូម្បីតែសម្លៀកបំពាក់ក៏គ្មានផង ហើយត្រូវបានសាច់ញាតិទិញឲ្យបាន ១កំប្លេរដើម្បីស្លៀកពាក់។ ទន្ទឹមនិងនេះ គាត់ក៏បានលើកដៃសំណូមពរ សុំឲ្យសប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដល់ពួកគាត់ផង។
សូមរម្លឹកថា ក្រោយពេលកើតមានគ្រោះអគ្គិភ័យនេះឡើង សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ ហើយក៏បានហៅថយន្តពន្លត់អគ្គិភ័យរហូតដល់ពីអង្គភាពនានាចំនួន ២០គ្រឿង ចេញទៅបាញ់ពន្លត់ រហូតរលត់ទៅវិញចំណែកម្ចាស់ផ្ទះមិនបានរងរបួសឡើយ ប៉ុន្តែកម្លាំងញើសឈាមដែលខំប្រឹងកន្លងមកត្រូវរលាយបាត់អស់ មិនប៉ុណ្ណោះពួកគាត់ត្រូវជំពាក់លុយ ធនាគារក្នុងម្នាក់ៗ រាប់ពាន់រាប់ម៉ឺនដុល្លារថែមទៀតផង៕