(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យចំនួន ៣ របស់រាជរដ្ឋាភិបាល ស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានផ្ទេរមុខងារធនធាន និងសេវារដ្ឋបាលមួយចំនួនទៀតទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌជាអ្នកសម្រេច ដើម្បីឱ្យការផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចូលកាន់តែកៀកនឹងប្រជាពលរដ្ឋមូលដ្ឋាន។
ដើម្បីផ្សព្វផ្សាយពីការងារទាំងនោះ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងពិគ្រោះយោបល់លើមុខងារ ដែលបានប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) នៅទីស្ដីការក្រសួងទេសចរណ៍។
លោកអនុរដ្ឋលេខាធិការ ឌួង វីរៈ បានឱ្យដឹងថា កន្លងទៅ ក្រសួងទេសចរណ៍បានផ្ទេរមុខងារ និងសេវារដ្ឋបាលចំនួន ១៨ ជូនទៅអង្គភាពច្រកចេញចូលតែមួយ នៅគ្រប់សាលារដ្ឋបាលរាជធានី-ខេត្ត ហើយក្រោយមកក៏មានសេវារដ្ឋបាលចំនួន ១០ បន្ថែមទៀត ត្រូវបានផ្តល់ជូនទៅការិយាល័យច្រកចេញចូលតែមួយ នៅតាមគ្រប់រដ្ឋបាលស្រុក ក្រុង ខណ្ឌទូទាំងប្រទេស។
លោកបានបន្តថា មុខងារ និងសេវារដ្ឋបាល ដែលក្រសួងទេសចរណ៍ប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះ គឺមានដូចជាសេវាការផ្តល់អាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ ផ្ទះសំណាក់ (ចាប់ពី៨បន្ទប់ចុះក្រោម) សេវាបន្ទប់ជួល ផ្ទះជួល អាហារដ្ឋាន ភោជនីយដ្ឋាន មធ្យោបាយដឹកជញ្ជូន ខារ៉ាអូខេ ហាងម៉ាស្សា និងការគ្រប់គ្រងតំបន់ទេសចរណ៍ជាដើម។
ប្រធាន គ.ដ.វ.វ រូបនេះបានបន្ថែមថា ការអនុវត្តតាមអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារ ធនធាន និងសេវារដ្ឋបាលទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌខាងលើនេះ គឺជាការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានានូវការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច ធនធានទាំងនោះ សម្រាប់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោក ឌួង វីរៈ បានបន្ថែមទៀតថា ទោះបីជាយ៉ាងណា គ្រប់មុខងារ និងសេវារដ្ឋបាលដែលក្រសួងបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គឺត្រូវមានការការបណ្តុះបណ្តាលជាច្រើនទៀតជូនមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានទំនុកចិត្ត និងមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព៕