(ភ្នំពេញ)៖ ប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ហៅកាត់ (CCMA) ដឹកនាំដោយ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គោលបំណងនៃការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គឺដើម្បីបង្ហាញឱ្យក្រសួងរ៉ែ ឱ្យបានដឹងថា សម្រាប់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានក្រុមហ៊ុនចំនួន៥ ហើយក្រុមហ៊ុននីមួយៗត្រូវការថាមពលអគ្គិសនី ចំនួន៣០មេហ្គាវ៉ាត់ ដូច្នេះសរុបថាមពលដែលត្រូវការមានចំនួន១៥០មេហ្គាវ៉ាត់។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកឧកញ៉ា លាង ម៉េង តាងនាមឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានស្នើសុំឱ្យក្រសួងរ៉ែ និងថាមពល ផ្តល់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ដំណើរការផលិតស៊ីម៉ងត៍របស់ខ្លួន។ នេះបើតាម លោក ពុត ចន្តារិទ្ធ។
សូមបញ្ជាក់ថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបង្កើតឡើងរយៈពេលជាង២ឆ្នាំមកហើយ ដែលមាន សមាជិកជាដែលក្រុមហ៊ុនស៊ីម៉ងត៍ចំនួន៥ ក្រុមហ៊ុនផងដែរក្នុងនោះ រួមមាន ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម៕