(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌមួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍ បន្ថែមទៀតនៅតាមក្រុង ស្រុក ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។
នេះជាការបញ្ជាក់របស់លោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងពិគ្រោះយោបល់លើមុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ឌួង វីរៈ បានឱ្យដឹងថា កាលពីកំលុងពេលពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីរចនាសម្ពន្ធរដ្ឋបានក្រុង ស្រុក ខណ្ឌ (អនុក្រឹត្យ៣ផ្សេងគ្នា) ក្រសួងទេសចរណ៍ធ្លាប់បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យរក្សាការិយាល័យទេសចរណ៍ ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌរួចហើយនោះ គឺសូមរក្សាទុក។
ចំពោះក្រុង ស្រុក ខណ្ឌចំនួនទៀត ដែលចាំបាច់មួយសម្រាប់វិស័យទេសចរណ៍ ហើយមិនទាន់មានការិយាល័យទេសចរណ៍ គឺសូមបង្កើតឱ្យមានការិយាល័យទេសចរណ៍ថ្មីៗបន្ថែមទៀត។
លោកអនុរដ្ឋលេខាធិការបានបន្តថា អនុក្រឹត្យស្ដីពីរចនាសម្ពន្ធរដ្ឋបានក្រុង ស្រុក ខណ្ឌ បានបញ្ជាក់ច្បាស់ហើយថា អនុញ្ញាតឱ្យក្រសួងទេសចរណ៍ធ្វើសំណើទៅក្រសួងមហាផ្ទៃ ប្រសិនបើក្រុង ស្រុក ខណ្ឌណា មានសក្ដានុពលទេសចរណ៍ ហើយចាំបាច់ត្រូវបង្កើតការិយាល័យទេសចរណ៍ ដើម្បីសុំបើកការិយាល័យទេសចរណ៍ថ្មីនៅក្រុង ស្រុក ខណ្ឌនោះ។
តាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ ក្រុងទាំងអស់នៅប្រទេសកម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ប៉ុន្តែដើម្បីបង្កើតការិយាល័យទេសចរណ៍បាន ការិយាល័យនោះត្រូវមានខ្សែគណនេយ្យភាពចំពោះអភិបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន។
លោកថា ខុសគ្នាត្រង់ថា ពីមុនការិយាល័យទេសចរណ៍ត្រូវមានខ្សែគណនេយ្យភាពត្រង់ទៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឬត្រង់មកក្រសួងទេសចរណ៍ផ្ទាល់ ប៉ុន្តែបច្ចុប្បន្នអត់ធ្វើដូច្នោះទេ ដើម្បីបើកការិយាល័យទេសចរណ៍នៅតាមក្រុង ស្រុក ខណ្ឌបាន ការិយាល័យនោះត្រូវមានខ្សែគណនេយ្យភាពត្រង់ទៅអភិបាលក្រុង ស្រុក ខណ្ឌនោះ៕